ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុស-ស្រីក្មេងចាស់ មានទាំងម្តាយទាំងសងខាង សរុបចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនធ្វើកិច្ចសន្យា ខណៈដែលក្មេង២នាក់ឆាតតាមបណ្តាញសង្គមហ្វេសប៊ុកដៀលថា «មានកូនអត់ប្តី និងទំលាក់កូនចោលគ្មានអ្នកទទួលស្គាល់» កើតចិត្តខឹងក្ដៅក្រហាយ ក៏បានណាត់វាយគ្នា និងថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយថែមទាំងទៅដាក់ពាក្យបណ្តឹងទៀត ត្រូវបាននគរបាលឃាត់ខ្លួនទាំង៨នាក់តែម្តង ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនមនុស្សទាំង៨នាក់ គឺកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៨ តុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាច់ត្រី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានឈ្មោះ អេន ធីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ប្រើអាក់ខោនហ្វេសបុកឈ្មោះ Bro Ny បានឆាតបរិហាកេរ្តិ៍ឈ្មោះ ផែន នីសា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅ-ឃុំជាមួយគ្នាថា «មានកូនអត់ប្តី និងទំលាក់កូនចោលគ្មានអ្នកទទួលស្គាល់» ក្រោយមកឈ្មោះ ផែន លីហ័រ ភេទស្រី អាយុ២២ឆ្នាំ រួមជាមួយប្អូននិងម្តាយ មានទី១-ឈ្មោះ ផែន ស្រីតូច ភេទស្រី អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ផែន តាំងលី ភេទស្រី អាយុ២០ឆ្នាំ ដើរទៅសួរនាំឈ្មោះ អេន ណាត់ ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះ អេន ធីម ភេទប្រុស អាយុ២១ឆ្នាំ ព្រមទាំងឈ្មោះ សារុន ស្រីពេជ្រ ភេទស្រី អាយុ១៩ឆ្នាំ ក៏បានឈ្លោះប្រកែកគ្នាវាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសសងខាង ក្រោយពីធ្វើសកម្មភាពវាយគ្នារួចមក ក៏បានដើរចេញរៀងៗខ្លួន ។
នគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទៀតថា លុះរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កំលាំងជំនាញព្រហ្មទណ្ឌស្រុកបាន សហការជាមួយប៉ុស្តិ៍នគរបាលឃុំភារីមានជ័យចុះដល់កន្លែងកើតហេតុ និងបានទទួលពាក្យបណ្តឹងចំនួន២ ។ ក្រុមទី១-មានឈ្មោះ ផែន លីហ័រ ភេទស្រី អាយុ២២ឆ្នាំ បានរងរបួស ត្រង់ដៃខាងស្តាំមានស្នាមខាំចំនួន៣កន្លែង និងត្រូវឈ្មោះ អេន ធីម ភេទប្រុស អាយុ២០ឆ្នាំ ធាក់ចំឆ្អឹងជំនីរមានស្នាមជាំ ។ ហើយចំណែកក្រុមទី២ មានឈ្មោះ អេន ណាត់ ភេទស្រី អាយុ២៥ឆ្នាំ រងរបួសត្រង់រលាត់មុខ និងខៀវភ្នែក ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងនគរបាលស្រុកគងពិសី បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៨នាក់ មានកូន និងម្ដាយ ធ្វើកិច្ចសន្យាអប់រំ ដើម្បីបញ្ឈប់រាល់សកម្មភាពមិនសមរម្យ ដែលសង្គមស្អប់ខ្ពើម ទើបឱ្យត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ សុរិយា










