តួកគីព្យួរតួនាទីមន្ត្រីក្លិបបាល់ទាត់ ១៤៧ នាក់ រយៈពេល ៤៥ ថ្ងៃ ក្នុងការស៊ើបអង្កេតករណីភ្នាល់

ចែករំលែក៖

គណៈកម្មការវិន័យនៃសហព័ន្ធបាល់ទាត់តួកគី (TFF) បានសម្រេចព្យួរតួនាទីមន្ត្រីក្លិបបាល់ទាត់បច្ចុប្បន្ន និងអតីតមន្ត្រីចំនួន ១៤៧ នាក់ រយៈពេល ៤៥ ថ្ងៃ កាលពីថ្ងៃអង្គារ ដោយសារបំពានបទប្បញ្ញត្តិពាក់ព័ន្ធនឹងការភ្នាល់។ វិធានការនេះជាផ្នែកមួយនៃការស៊ើបអង្កេតទ្រង់ទ្រាយធំលើការលេងល្បែងភ្នាល់ក្នុងវិស័យបាល់ទាត់តួកគី។

 

ក្រុមប្រឹក្សាវិន័យបាល់ទាត់អាជីពបានដាក់ពិន័យនេះ បន្ទាប់ពីពិនិត្យសំណុំរឿងរបស់មន្ត្រីចំនួន ៤៤៨ នាក់ ដែលសហព័ន្ធបានបញ្ជូនមក ដោយមានការចោទប្រកាន់ថា ពួកគេបានភ្នាល់លើការប្រកួត ខណៈកំពុងបំពេញតួនាទីនៅតាមក្លិបបាល់ទាត់។

 

គណៈកម្មការបានរកឃើញថា ក្នុងចំណោមមន្ត្រីទាំង ៤៤៨ នាក់ មាន ១៤៧ នាក់បានបំពានបទប្បញ្ញត្តិស្តីពីការភ្នាល់ ហើយត្រូវបានព្យួរតួនាទីរយៈពេល ៤៥ ថ្ងៃ។ ក្នុងអំឡុងពេលព្យួរតួនាទីនេះ មន្ត្រីទាំងនោះមិនអាចបំពេញភារកិច្ចណាមួយក្នុងវិស័យបាល់ទាត់បានឡើយ។

 

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មការ ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម មានលោក Ertugrul Dogan ប្រធានក្លិប Trabzonspor ដែលកំពុងប្រកួតក្នុងលីគកំពូលតួកគី (Super Lig) ផងដែរ។ ចំណែកសំណុំរឿងចំនួន ៣០១ ផ្សេងទៀត មិនត្រូវបានដាក់ទណ្ឌកម្មទេ ដោយក្រុមប្រឹក្សារកឃើញថា មិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចាត់វិធានការវិន័យ។

 

កាលពីខែកញ្ញា TFF បានប្រកាសថា ខ្លួនបានព្យួរតួនាទីជាបណ្តោះអាសន្នលើមន្ត្រីក្លិបបច្ចុប្បន្ន និងអតីតមន្ត្រីចំនួន ៤៤៨ នាក់ ដែលធ្លាប់បំពេញការងារនៅក្លិបនានាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយក្លិបទាំងនោះប្រកួតក្នុងលីគកំពូលពីររបស់តួកគី។

 

នៅពេលនោះ សហព័ន្ធបានបញ្ជាក់ថា មន្ត្រីដែលត្រូវបានបញ្ជូនសំណុំរឿងទៅពិនិត្យ ត្រូវបានរកឃើញថាបានភ្នាល់ ខណៈកំពុងកាន់តួនាទីនៅក្នុងក្លិប។

...

 

TFF បានរឹតបន្តឹងការត្រួតពិនិត្យលើសកម្មភាពភ្នាល់ ចាប់តាំងពីរឿងអាស្រូវមួយបានធ្វើឱ្យវិស័យបាល់ទាត់តួកគីរង្គោះរង្គើកាលពីឆ្នាំមុន។ ជាផ្នែកមួយនៃការស៊ើបអង្កេត សហព័ន្ធបានព្យួរតួនាទីអាជ្ញាកណ្តាលចំនួន ១៤៩ នាក់ និងកីឡាករចំនួន ១,០២៤ នាក់ ក្នុងរយៈពេលផ្សេងៗគ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print