រយៈពេល១០ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៧២១នាក់ រួមមាន២០សញ្ជាតិ ចេញពីកម្ពុជា

ចែករំលែក៖

​ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧២១នាក់ (ស្រី ៩៥នាក់) មាន ២០សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអនុវត្តការងារដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​ជនបរទេសទាំង ២០សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, ចិន, បង់ក្លាដេស, ហ្វីលីពីន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, កាមេរូន, ជប៉ុន, ហ្គាណា, ចិនតៃវ៉ាន់, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, យូហ្គង់ដា, ឥណ្ឌា, មីយ៉ាន់ម៉ា, បារាំង, លីបេរីយ៉ា, ស្វីស, អ៊ូបេគីស្ថាន និងអាមេរិក។

​ក្នុងចំណោមនោះ រួមមាន៖ ជនជាតិចិន ចំនួន ៩០នាក់ (ស្រី ០៣នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស។ ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣៥៥នាក់ (ស្រី ៥៤នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ។

​ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។

​ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្ដេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

...

​ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print