ព្រឹកថ្ងៃនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការ អភិវឌ្ឍ សហគ្រាស ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ នឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួន សម្រាប់ ការ ចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថ ភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ ជាក់ស្តែងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយ ផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើន ផលិត ភា ព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបាន ហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។

ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈគណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ ជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដើម្បីជំរុញការ អភិវឌ្ឍ MSMEs ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច ជាតិ ដែលនឹងនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។

យុទ្ធសាស្ត្រជាតិនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការ ឯកភាពដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងបានអនុញ្ញាតឱ្យរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្ត ជា ផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

យុទ្ធសាស្ត្រថ្មីនេះ គឺជាការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងកន្លងមក ទៅកាន់ ដំណាក់ កាល ថ្មីមួយ ដោយមានចក្ខុវិស័យច្បាស់លាស់ គឺជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំ នៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។

ដើម្បីសម្រេចចក្ខុវិស័យនេះ យុទ្ធសាស្រ្តត្រូវបានរៀបចំឡើងដោយ ឈរលើសសរស្តម្ភ យុទ្ធសាស្ត្រចំនួន៤សំខាន់ៗ រួមមាន៖  ទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ ទី២៖ ការលើកកម្ពស់សមត្ថភាពផលិតកម្ម សេវាកម្ម និងការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍  ទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ  ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្នែករឹង និងផ្នែកទន់។

យុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូនសហគ្រាសដើម្បីអភិវឌ្ឍខ្លួនប្រកបដោយភាពធន់ និងចីរភាព ការពង្រឹង សមត្ថភាពផលិតកម្ម បំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូល ព្រមទាំងការពង្រឹងការផ្សារភ្ជាប់រវាង MSMEs កម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print