ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឹន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។
ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលយើងប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕





ដោយ៖តារា










