ភ្នំពេញ៖ ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថាៈ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ប្រើប្រាស់កម្លាំង ស្លៀកពាក់ឯកសណ្ឋាននគរបាល និងស៊ីវិលផង ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង០១នាក់ នៅចំណុចផ្លូវលេខ៣៣៥ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់បក្ខពួកបន្តបន្ទាប់ចំនួន៥នាក់នៅទីតាំងផ្សេងទៀតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបឃាត់ខ្លួនចំនួន៦នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សាវាយកាប់ប្លន់យកម៉ូតូមិនបានសម្រេច (បង្កដោយក្មេងទំនើង) បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវលំ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល១២:៥៧នាទី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ចំពោះករណីនេះ នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ជិះម៉ូតូ០១គ្រឿងឌុបគ្នា ចេញពីបន្ទប់ជួលដើម្បីរកអីហូប លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជួបនិងក្រុមក្មេងទំនើង០១ក្រុមជិះម៉ូតូ៥គ្រឿង មានគ្នាប្រហែល១០នាក់ និងដាវ០១ដើម បានជិះម៉ូតូដេញវាយនិងកាប់ទៅលើជនរងគ្រោះ ខណៈនោះជនរងគ្រោះក៏បានជិះគេច និងជ្រុលចង្កូតទៅបុកនឹងបង់ថ្មអង្គុយតាមផ្លូវ បណ្តាលឲ្យដូលម៉ូតូហើយជនល្មើសក៏កាប់និងវាយជនរងគ្រោះទាំង២នាក់ ដោយម្នាក់ត្រូវចំក្បាល និងម្នាក់ទៀតបាក់ថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនល្មើសក្រោយធ្វើសកម្មភាពនាំគ្នាគេចខ្លួនបាត់។
ដោយឡែកជនរងគ្រោះ បន្ទាប់មកត្រូវបានគេដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ។ ចំពោះម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់ ក្រុមជនល្មើសមិនបានយកទៅនោះទេ ដោយទុកចោលកន្លែងកើតហេតុ។
ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្តុតាង ម៉ូតូធ្វើសកម្មភាពចំនួន២ គ្រឿង។ ជនសង្ស័យខាងលើ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងឃាត់ខ្លួនយកមកសាកសួរអនុវត្តតាមនីតិវិធី។
ចំណែកបក្ខពួកនៅសេសសល់កំពុងគេចខ្លួន កម្លាំងជំនាញព្រហ្មទណ្ឌ បន្តស្រាវជ្រាវដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំពោះការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងខាងលើ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ច្បាប់និងមានការសម្របសម្រួលនីតិវិធីពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
អាស្រ័យដូចបានជម្រាបជូនរាល់ខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដើម្បីកុំឲ្យមានការយល់ច្រឡំ ចំពោះករណីបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងខាងលើ៕
ដោយ៖ សីហា សែនសុខ










