ពលរដ្ឋអាមេរិករាប់សិបពាន់នាក់បានចាប់ផ្តើមទៅបោះឆ្នោតមុនពេលជូបបេក្ខភាពដែលខ្លួនពេញចិត្ត។ ពលរដ្ឋប្រមាន ១៣០ពាន់នាក់ក្នុងចំណោម១៣០លាននាក់ដែលគ្រោងទៅបោះឆ្នោតមុនពេល បានចាប់ផ្តើមទៅបោះឆ្នោតជាបណ្តើៗ នៅតាមការិយាយល័យបោះឆ្នោតមុនពេលដែលបានរៀបចំឡើងនៅទូទាំងអាមេរិក ។ ការបោះឆ្នោតមុនពេលនឹងត្រូវបានរាប់សន្លឹកឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ជាថ្ងៃបោះឆ្នោតចុងក្រោយនៅអាមេរិក។
ប្រព័ន្ធបោះឆ្នោតអាមេរិកបានចាប់ផ្តើមដំណើរការ នៅក្នុងរដ្ឋចំនួន៥០ ហើយរដ្ឋនីមួយៗមានការរៀបចំបោះឆ្នោត និងរាប់សន្លឹកឆ្នោតផ្សេងៗគ្នា ។ ពលរដ្ឋអាមេរិកមានជំរើសពីរ គឺបោះឆ្នោតមុនពេល តាមអីម៉ែល ឬទៅបោះឆ្នោតដល់កន្លែង តែម្តង។
ការបោះឆ្នោតមុនពេលវេលា ជារឿងមួយដ៏ល្អប្រសើរបំផុតសម្រាប់ពលរដ្ឋអាមេរិក មានពេលវេលាច្រើនក្នុងការទៅបោះឆ្នោត។ ការបោះឆ្នោតមុនពេលកំណត់ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៩៦ ដោយពេលនោះមានពលរដ្ឋអាមេរិក១០,៥ភាគរយទៅបោះឆ្នោតមុនពេល ហើយតួលេខទាំងនោះត្រូវបានកើនឡើង៣៣ភាគរយនៅក្នុងឆ្នាំ២០១២។ ក្រុមអ្នករៀបចំរំពឹងថា ការបោះឆ្នោតឆ្នាំ២០១៦នេះ នឹងមានការកើតឡើងជាងពេលមុន។
នៅពេលនេះលោកស្រី ហ៊ីល ឡារីគ្លីនតុន កំពុងតែទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋអាមេរិក ក្នុងនោះមានក្រុមអន្តោប្រវេសន៍ ស្ត្រីនិងយុវជន។ ក្រោយពីទទួលជោគជ័យយកឈ្នះលោក Donald Trump នាវេទិការពិភាក្សាតទល់គ្នាកាលពីសប្តាហ៍មុន ឥឡូវនេះ លោកស្រី Hillary Clinton កំពុងតែសកម្មចុះទៅជួបក្រុមយុវជន។ បើតាមការស្ទង់មតិនានា លោកស្រីហាក់ពុំសូវទទួលបានប្រជាប្រិយភាពខ្លាំងក្លាឡើយពីសំណាក់ ពលរដ្ឋអាមេរិកក្រោមអាយុ៣០ឆ្នាំ។ បើតាមអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើគ្មានការគាំទ្រពីក្រុមយុវជនទេ លោកស្រី Hillary Clinton អាចចាញ់ឆ្នោតនៅតាមបណ្តារដ្ឋសំខាន់ៗមួយចំនួន។ ដើម្បីទទួលបានសម្លេងគាំទ្រពីក្រុមអ្នកបោះឆ្នោតវ័យក្មេងទាំងនោះ លោក Bernie Sanders ត្រូវបានអញ្ជើញឲ្យមកជួយឃោសនា។
អតីត គូបដិបក្ខ គឺលោកស្រី Hillary Clinton និងលោក Bernie Sanders ចុះឃោសនាជាមួយគ្នា។ ចាប់តាំងពីទទួលបានការតែងតាំងជាបេក្ខនារីផ្លូវការតំណាងឲ្យបក្ស នេះជាលើកទីពីរហើយ ដែលលោកស្រី Hillary Clinton បានចេញមុខជាសាធារណៈជាមួយលោក Bernie Sanders។ កាលពីសប្តាហ៍មុន អ្នកទាំងពីរបានថ្លែងសារនយោបាយទៅកាន់ក្រុមអ្នកគាំទ្រវ័យក្មេងចំនួន១.២០០នាក់ នាសាកលវិទ្យាល័យរដ្ឋ New Hampshire។
បរិយាកាស នៃជំនួបនេះហាក់ដូចជាអាប់អួរបន្តិច។ ម្យ៉ាងទៀតដោយសារតែក្រុមយុវជនពុំសូវចូលចិត្តលោកស្រី Hillary Clinton។ ពួកគេតែងបន្ទោសថា លោកស្រីមិនចាប់អារម្មណ៍បញ្ហាយុវជន។ សម្រាប់ពួកគេ លោកស្រីគ្រាន់តែជានិមិត្តរូបតំណាងផលប្រយោជន៍បក្សតែប៉ុណ្ណោះ ហើយលោកស្រីក៏មិនអាចផ្លាស់ប្តូរអ្វីឲ្យបានដុំកំភួនឡើយ។ ក្នុងអារម្មណ៍ក្រុមយុវជន លោក Bernie Sanders គឺជានិមិត្តរូបនៃការតស៊ូមតិ ដែលហ៊ានរិះគន់គម្លាតរវាងអ្នកមាន និងអ្នកក្រ ក្នុងសង្គមអាមេរិក ហើយលោកក៏ជាអ្នកហ៊ានចេញមុខរិះគន់ធនាគារ និងផ្សារហ៊ុនក្នុងសង្កាត់ Wall Street ដែលចំណេញប្រាក់កប់ក្តោងរាប់រយលានដុល្លារក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ ម៉ែវ សាធី