រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានបញ្ជាក់ថា អន្តរាគមន៍យោធាមិនអាចដោះស្រាយជម្លោះអុីរ៉ង់បានទេ ខណៈពេលដែលលោកព្រមានថា ការវាយប្រហារថ្មីនឹងបង្កើនភាពតានតឹង និងរាលដាលជម្លោះទូទាំងតំបន់។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានព្រមាននៅថ្ងៃទី 24 ខែតុលាថា ការវាយប្រហារថ្មីណាមួយលើអុីរ៉ង់នឹងបង្កើនភាពតានតឹង និងរាលដាលជម្លោះទូទាំងតំបន់ ខណៈពេលដែលលោកបញ្ជាក់ថា ដំណោះស្រាយការទូតគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីសន្និសីទពហុភាគីលើកដំបូងនៅទីក្រុងអុីស្តង់ប៊ុលរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសក្នុងតំបន់ទាំងបួន (R4 – តួកគី អេហ្ស៊ីប ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត) និងតំណាងមកពីប្រទេសអឺរ៉ុប (ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអុីតាលី) ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអុីរ៉ង់ និងស្ថានភាពសន្តិសុខក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសលោក Fidan បានថ្លែងថា អ្នកចូលរួមទាំងអស់នៅក្នុងសន្និសីទ “បានយល់ស្របថា ការវាយលុកថ្មីប្រឆាំងនឹងអុីរ៉ង់នឹងបង្កើនសង្គ្រាមនៅក្នុងតំបន់” ខណៈពេលដែលសង្កត់ធ្ងន់ថា “អន្តរាគមន៍យោធានៅអុីរ៉ង់មិនមែនជាដំណោះស្រាយទាំងស្រុង” និង “គ្មានភាគីណាមួយគាំទ្រសកម្មភាពបែបនេះទេ”។
ដោយចែករំលែកទស្សនៈរបស់សមភាគីតួកគី លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំងបានកត់សម្គាល់ថា ការប្រឈមមុខដាក់គ្នាឡើងវិញរវាងអុីរ៉ង់ នឹងសហរដ្ឋអាមេរិកនឹងបង្កើតតែអ្នកចាញ់ និងដាក់សម្ពាធលើតម្លៃប្រេងពិភពលោកឱ្យកើនឡើងយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍ទាំងនេះកើតឡើងក្នុងចំណោមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា សហរដ្ឋអាមេរិក និងអុីស្រាអែលបានបង្កើតជម្រើសវាយប្រហារថ្មីដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល រោងចក្រនុយក្លេអ៊ែរ និងឃ្លាំងមីស៊ីលរបស់អុីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក (គ្រោងធ្វើនៅថ្ងៃទី 3 ខែវិច្ឆិកា)៕ ដោយធីរីណា
រូបថត: TTXVN










