អាមេរិកអាចនឹងវាយប្រហារអុីរ៉ង់នៅចុងសប្តាហ៍នេះ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា បេសកជនអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ថា សហរដ្ឋអាមេរិកអាចវាយប្រហារអ៉ីរ៉ង់ នៅអំឡុងចុងសប្តាហ៍នេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងអ៉ីស្រាអែល បានបង្កើនការគំរាមកំហែងប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី podcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបទសម្ភាសន៍មួយ អំឡុងពេលបំពេញទស្សនកិច្ចនៅតំបន់ឈូងសមុទ្រអារ៉ាប់ លោក Tom Barrack បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ «មានជំហរច្បាស់លាស់ណាស់។ លោកបានបើកទ្វារចំហ និងត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀង ហើយយើងបានអង្គុយនៅតុចរចាអស់រយៈពេលជាច្រើនខែមកហើយ»។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលត្រូវប្រឈមមុខនឹងការបោះឆ្នោតសកល នៅថ្ងៃអង្គារសប្តាហ៍ខាងមុខនេះ បានសន្យាម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយថា នឹងផ្ដួលរំលំរបបដឹកនាំនៅប្រទេសអ៉ីរ៉ង់។ ការគំរាមនេះកើតឡើង បន្ទាប់ពីអ៉ីស្រាអែលបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំចំនួន២ លើអ៉ីរ៉ង់ គិតចាប់តាំងពីឆ្នាំមុនមក។ រីឯលោក ត្រាំ ក៏បានបង្ហាញសញ្ញាថា លោកបើកចំហចំពោះការបន្តការវាយប្រហារឡើងវិញផងដែរ បន្ទាប់ពីកិច្ចប្រឹងប្រែងការទូត បានជាប់គាំងអស់រយៈពេលយូរ។ ទោះជាយ៉ាងណា កន្លងមក លោកធ្លាប់បានអះអាងថា ការវាយប្រហារនឹងមិនកើតឡើង មុនការបោះឆ្នោតសភាអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ទុយពីជំហររបស់លោក Netanyahu លោក Barrack បាននិយាយថា សហរដ្ឋអាមេរិក មិនមានបំណងផ្ដួលរំលំសាធារណរដ្ឋអ៉ីស្លាមអ៊ីរ៉ង់នោះទេ។ អ៉ីរ៉ង់គឺជាសត្រូវធំរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ បានផ្ដួលរំលំរបបស្តេចសាហ៍ ដែលមានទំនោរគាំទ្រលោកខាងលិច។ លោក Barrack បាននិយាយដូច្នេះថា «ប្រសិនបើអ្នកឯងនៅតែបន្តគំរាមកំហែងពិភពលោក សម្ព័ន្ធមិត្តរបស់យើង និងតំបន់ឈូងសមុទ្រ នោះមុខជានឹងមានផលវិបាក។ ប៉ុន្តែផលវិបាកនោះ នឹងមិនមែនជាការផ្លាស់ប្តូររបបដឹកនាំឡើយ»។ លោកបានបន្ថែមថា «សហរដ្ឋអាមេរិក ពោលគឺប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយច្បាស់ហើយថា លោកមិនចាប់អារម្មណ៍នឹងការផ្លាស់ប្តូររបបដឹកនាំនោះទេ»៕ ដោយធីរីណា

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print