ប៉ូលិស ៧០០០០នាក់ បានដាក់ពង្រាយទប់ទល់សកម្មភាពតវ៉ាថ្មីទៀត នៅបារាំង នាចុងសប្តាហ៍នេះ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថារដ្ឋាភិបាលបារាំងកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា កងកម្លាំងប៉ូលិសប្រមាណ ៧០ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងសកម្មភាពតវ៉ាថ្មីទៀត នៅចុងសប្តាហ៍នេះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងខ្លាំង អំឡុងពេលបាតុកម្ម កាលពីមួយសប្តាហ៍មុន។

ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលតាមការឱ្យដឹងពីជំនួយការរបស់លោក កំពុងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេរីយ៉ា និងសេណេហ្កាល់នៅចុងខែនេះ ដោយសារវិបត្តិដែលកំពុងកើតឡើង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់លោក ហើយគ្រោងជួបជាមួយកងកម្លាំងសន្តិសុខ។ លោក Macron ក៏បានជួបជាមួយតំណាងសិស្សសាលាមធ្យមសិក្សាជាលើកដំបូងផងដែរ។ ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សា ក្រុមអ្នកតំណាងទាំងនោះ បានអំពាវនាវឱ្យសិស្សានុសិស្សបន្តធ្វើបាតុកម្ម រហូតទាល់តែរដ្ឋាភិបាលដាក់ចេញសំណើជាក់ស្តែង ដើម្បីឆ្លើយតបនឹងការទាមទាររបស់ពួកគេ។
សកម្មភាពតវ៉ារបស់សិស្សវិទ្យាល័យជុំវិញលក្ខខណ្ឌសិក្សា បានចាប់ផ្តើមនូវចលនាបាតុកម្មមួយ ដែលក្រោយមកបានរីករាលដាលទូទាំងប្រទេសបារាំង ហើយត្រូវបានដុតបញ្ឆេះកាន់តែខ្លាំង ដោយសារការកើនឡើងថ្លៃចំណាយ សម្រាប់ជីវភាពរស់នៅ។ រលកបាតុកម្មថ្មីទៀត ត្រូវបានរំពឹងថា នឹងកើតមានទូទាំងប្រទេស នៅថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈអាជ្ញាធរកំពុងបង្កើនវិធានការសន្តិសុខ និងរឹតត្បិតការធ្វើបាតុកម្ម។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថា បុគ្គលិកសន្តិសុខប្រមាណ ៧០ ០០០នាក់ នឹងត្រូវដាក់ពង្រាយ នៅថ្ងៃសៅរ៍នេះ។ លោកក៏បានព្រមានដែរថា ការអំពាវនាវឱ្យប្រើអំពើហិង្សា និងការលួចប្លន់ កំពុងត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ការតវ៉ានេះកើតឡើងចំពេលដ៏សំខាន់មួយសម្រាប់ប្រទេសបារាំង ពោលគឺនៅសល់ត្រឹម៦ខែទៀតប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើសអ្នកបន្តតំណែង ពីលោក Macron។ យោងតាមការស្ទង់មតិថ្មីមួយ បេក្ខជនស្តាំនិយមជ្រុល លោកស្រី Marine Le Pen កំពុងទទួលបានការគាំទ្រនាំមុខគេ និងបានបង្ហាញថា ជំហររបស់លោកស្រីកាន់តែរឹងមាំឡើងថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print