ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា «យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងបុគ្គល ឈ្មោះ ហេង វឌ្ឍនា (មានពិការភាព ស្វិតជើងសងខាង) ដែលជាម្ចាស់គណនី TikTok ឈ្មោះ ឈ្នះជានិច្ច9999 បានបង្ហោះវីដេអូ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំជាព្រះសង្ឃ និងធ្វើឱ្យប៉ះពាល់ដល់វិស័យពុទ្ធសាសនា ដើម្បីធ្វើការអប់រំ ណែនាំ បញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។
តាមការបំភ្លឺរបស់បុគ្គលរូបនេះ ការបង្កើតវីដេអូនេះឡើងក្នុងគោលបំណងលេងកម្សាន្តបំបាត់ភាពអផ្សុក ដោយសារខ្លួនមានពិការភាព ណាមួយដោយសារបរិយាកាសក្នុងផ្ទះមានសភាពតូចចង្អៀត ទើបការថតវីដេអូនេះ ត្រឹមពាក់កណ្តាលខ្លួន និងការប្រើប្រាស់ Filter កាមេរ៉ា បូករួមទាំងការដាក់តាំងសម្ភារផ្សេងៗ ដែលមើលទៅមានសណ្ឋានស្រដៀងនឹងព្រះសង្ឃ គឺគ្មានចេតនាឱ្យមានការយល់ច្រឡំ ឬប្រមាថដល់ព្រះពុទ្ធសាសនានោះទេ។
ដោយពិនិត្យស្ថានភាពជាក់ស្តែងបុគ្គលរូបនេះមានពិការភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការអប់រំណែនាំ ដល់បុគ្គលរូបនេះឱ្យបញ្ឈប់ការផលិតវីដេអូបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឱ្យមហាជនមានការយល់ច្រឡំបន្តទៀត ព្រមទាំងណែនាំឱ្យលុបនូវវីដេអូដែលមានការយល់ច្រឡំកន្លងមក។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់អ្នកបង្កើតមាតិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឬការបង្ហោះវីដេអូផ្សេងៗ ដើម្បីចៀសវាងប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណី សាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គម ជាពិសេសប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕ដោយ៖តារា










