ភ្នំពេញ ៖ បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិដែលអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ ។ នេះជាប្រសាសន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ ហើយអ្នកសារព័ត៌មានមិនគួរទទួលប្រាក់ ឬផលប្រយោជន៍ជាថ្នូរនឹងការបិទបាំង កែប្រែ ឬបំភ្លៃព័ត៌មានឡើយ។
ការលើកឡើងនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយកគោលការណ៍ក្រមសីលធម៌សំខាន់ៗចំនួន ៧ ដើម្បីឱ្យអ្នកសារព័ត៌មានយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ដូចខាងក្រោម៖
ទី១៖ គោរពការពិត ! លោកជំរុញឱ្យអ្នកសារព័ត៌មានត្រូវស្វែងរកសេចក្តីពិត មិនមែនស្វែងរកតែព័ត៌មានដែលគាំទ្រមតិរបស់ខ្លួននោះទេ។ ប្រសិនបើយើងមានការសន្និដ្ឋានមួយរួចហើយ ហើយទៅស្វែងរកតែភស្តុតាងដែលគាំទ្រការសន្និដ្ឋាននោះ នោះមិនមែនជាការស៊ើបអង្កេតដោយស្មោះត្រង់ទេ។ ការស៊ើបអង្កេតពិតប្រាកដត្រូវបើកចំហចំពោះភស្តុតាងដែលអាចបញ្ជាក់ ឬបដិសេធការសន្និដ្ឋានដំបូងរបស់យើង។
អ្នកសារព័ត៌មានមិនត្រូវធ្វើបុរេវិនិច្ឆ័យ ដោយគាំទ្រការគិតរបស់ខ្លួន ហើយបដិសេធនូវរាល់ភស្តុតាងនានា។ លោកថាតួនាទីរបស់អ្នកសារព័ត៌មាន គឺគោរពនូវការពិត។
ទី២៖ ផ្ទៀងផ្ទាត់ព័ត៌មានមុនផ្សាយ ! លោកពន្យល់ថា «ខ្ញុំសូមឱ្យបងប្អូនចងចាំថា ពាក្យថា “គេប្រាប់ខ្ញុំ” “ខ្ញុំឮគេនិយាយ” ឬ “មានគេបង្ហោះតាម Facebook” មិនមែនជាភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ធ្ងន់ធ្ងរនោះទេ។ នៅពេលព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ ការរំលោភអំណាច ការប្រព្រឹត្តបទល្មើស ឬការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យឯកសារ ប្រភពព័ត៌មាន និងអង្គហេតុឱ្យបានម៉ត់ចត់។ ត្រូវស្វែងរកប្រភពបញ្ជាក់បន្ថែមតាមដែលអាចធ្វើទៅបាន ហើយត្រូវវាយតម្លៃថាប្រភពនីមួយៗមានឯករាជ្យពីគ្នាឬទេ»។
ទី៣៖ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបំភ្លឺ ! នៅពេលមានការចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយ អ្នកសារព័ត៌មានគួរព្យាយាមទាក់ទងសុំការបំភ្លឺ និងកត់ត្រាការឆ្លើយតបដោយត្រឹមត្រូវ។
ការផ្តល់ឱកាសឱ្យបំភ្លឺ មិនមែនជាការបោះបង់ឯករាជ្យភាពរបស់អ្នកសារព័ត៌មានទេ។ វាជាផ្នែកមួយនៃការផ្សព្វផ្សាយដោយយុត្តិធម៌។ ទោះជាយ៉ាងណា ការសុំការបំភ្លឺមិនមានន័យថាភាគីដែលត្រូវបានរាយការណ៍មានសិទ្ធិរារាំងការផ្សព្វផ្សាយព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន គឺផ្តល់ឱកាសភាគីពាក់ព័ន្ធបំភ្លឺ ត្រូវមានតុល្យភាពព័ត៌មាន បើគេចោទបុគ្គល «ក» បំភ្លឺ និងកុំគិតថាឱ្យបុគ្គលដែលរងការចោទប្រកាន់បាត់បង់ឯករាជ្យភាពនោះទេ ដូច្នេះ សូមកុំយល់ច្រឡំ ប៉ុន្តែនេះ ជាការអនុវត្តតុល្យភាពព័ត៌មាន រវាងការចោទប្រកាន់ និងការឆ្លើយបំភ្លឺ។
ទី៤៖ បែងចែកអង្គហេតុពីមតិយោបល់៖ ការរាយការណ៍អង្គហេតុ និងការបញ្ចេញមតិមានតួនាទីខុសគ្នា។ អ្នកសារព័ត៌មានអាចវិភាគ និងរិះគន់បាន ប៉ុន្តែត្រូវធ្វើឱ្យអ្នកអាន ឬអ្នកទស្សនាយល់ច្បាស់ថា អ្វីជាអង្គហេតុដែលបានបញ្ជាក់ អ្វីជាការអះអាងរបស់ប្រភព និងអ្វីជាការវិភាគរបស់អ្នកនិពន្ធ។ ការលាយឡំចំណុចទាំងនេះអាចនាំឱ្យសាធារណជនយល់ច្រឡំ។
អ្នកសារព័ត៌មាន មិនមានសិទ្ធិបញ្ចេញមតិយោបល់ខ្លួនឯងនោះទេ នៅក្នុងអត្ថបទ លើកលែងតែនៅក្នុងអត្ថបទវិភាគ អត្ថទស្សនៈ។ ត្រូវចាំថា តួនាទីអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ហើយអ្នកសារព័ត៌មាន មិនមែនជាអ្នកដែលមានអំណាចបញ្ជានោះទេ។ អ្នកសារព័ត៌មាន ក៏មិនមែនជាចៅក្រមកាត់សេចក្តីឱ្យនរណាខុស ឬត្រូវនោះដែរ ហើយអ្នកសារព័ត៌មាន ក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះដែរ។
ទី៥៖ គោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិឯកជនភាព៖ ការមានសិទ្ធិស្វែងរកព័ត៌មាន មិនមានន័យថាអាចបំពានសិទ្ធិរបស់អ្នកដទៃបានឡើយ។ ជាពិសេស អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអត្តសញ្ញាណកុមារ ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងបុគ្គលដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។ ការផ្សាយព័ត៌មានត្រូវគិតពីផលប្រយោជន៍សាធារណៈ និងផលប៉ះពាល់ដែលអាចកើតឡើងចំពោះបុគ្គល។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ធ្លាប់បញ្ចេញជាសំណេរខ្លីតែមានន័យជ្រៅថា ៖ — ពីដើម គេរិះគន់សង្គមតាមបែបអក្សរសិល្ប៍។
— មនុស្សឥឡូវ ប្រើបណ្តាញសង្គមជេរគ្នាត្រង់ៗតែម្តង។ ហេតុអ្វី? កម្មវិបាកគឺ សីលធម៌សង្គម ធ្លាក់ចុះ និងលើសពីនេះ។
— ខ្មែរយើងធ្លាប់មានពាក្យ៖ “ស្លឹកចេកផ្ងារ ស្លឹកចារផ្កាប់ ផែនដីក្រឡាប់ យកធាតុទៅទុកឯណា?”៕
ដោយ ៖ សិលា












