លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ លើកទី៣ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិស័យយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំជាច្រើនរូបទៀត។

ការប្រឡងនេះ ត្រូវបានរៀបចំឡើងជាលើកទី៣ បន្ទាប់ពីលើកទី១ នៅឆ្នាំ២០២៤ និងលើកទី២ នៅឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងជំរុញទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រតាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ។ ការកសាងមូលដ្ឋានចំណេះដឹងឱ្យបានរឹងមាំតាំងពីដំណាក់កាលនេះ នឹងជួយឱ្យសិស្សានុសិស្សត្រៀមលក្ខណៈបានល្អសម្រាប់ចូលរួមប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចធិបតី ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។

ការប្រឡងឆ្នាំនេះ មានបេក្ខជនចូលរួមសរុបចំនួន ១៦៥នាក់ លើមុខវិជ្ជាចំនួន៤ រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។ ដើម្បីធានាសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំវិញ្ញាសា និងកែសន្លឹកកិច្ចការប្រឡង។ ដោយឡែក ក្រុមការងារក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥។

ចំពោះរង្វាន់ជ័យលាភី ការប្រឡងនេះនឹងជ្រើសរើសសិស្សឆ្នើមចំនួន ២៥រូប ដែលម្នាក់ៗនឹងទទួលបានប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ ចំនួន១ឈុត ព្រមទាំងរង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

• ជ័យលាភីចំណាត់ថ្នាក់លេខ១៖ ម៉ូតូ Honda Dream 125 ចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣៖ ម្នាក់ៗទទួលបានម៉ូតូ Wave ចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ៤ និងលេខ៥៖ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃចំនួន១គ្រឿង និងថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ៦ ដល់លេខ១០៖ ម្នាក់ៗទទួលបានថវិកា ២លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ១១ ដល់លេខ២០៖ ម្នាក់ៗទទួលបានថវិកា ១លានរៀល។ • ជ័យលាភីចំណាត់ថ្នាក់លេខ២១ ដល់លេខ២៥៖ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល។

បន្ថែមលើនេះ ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងមុខវិជ្ជានីមួយៗ នឹងទទួលបានប័ណ្ណសរសើរ និងកុំព្យូទ័រយួរដៃចំនួន១គ្រឿងផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print