សម្តេច ម៉ែន សំអន ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងជ្រះថ្លាចំពោះព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ដែលត្រូវបានរៀបចំឡើងយ៉ាងកុះករ និងមហោឡា រិក ស្ថិតនៅវត្តបទុមវតីរាជវរារាម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។

     ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក គឺជាពិធីបុណ្យពុទ្ធសាសនាដ៏ធំ និងមានសារៈសំខាន់បំផុតមួយក្នុងចំនោមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាទូទៅពុទ្ធបរិស័ទតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ ១៥កើត ខែអស្សុជ (ថ្ងៃពេញបូណ៌មី ចេញវស្សា) ដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។

    ការរៀបចំពិធីបុណ្យនាឱកាសនេះ គឺមានការរួមផ្សំដោយអត្ថន័យ និងកម្មវិធីប្រពៃណីសំខាន់ៗជាច្រើន រួមមាន៖ការសម្តែងធម៌ទេសនាទាំង១៣កណ្ឌ គណៈកម្មការរៀបចំពិធីបាននិមន្តព្រះសង្ឃធម្មកថិក ពី១៣ដល់ ១៥អង្គ ដែលមានព្រះសូរៀងពីរោះ និងស្ទាត់ជំនាញ មកសម្តែងធម៌និទានរឿង មហាវេស្សន្តរជាតក ចាប់តាំងពីដើមរហូតដល់ចប់ ដោយគ្របដណ្តប់លើកណ្ឌទាំង១៣ ប្រកបដោយទំនុកបទ ភាសា បាលី និងការប្រែសម្រាយយ៉ាងក្បោះក្បាយ។    

        ការត្រៀមលក្ខណៈរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ៖ ដើម្បីឲ្យការទេសនាដំណើរការទៅដោយរលូន ព្រះសង្ឃ នាយក និងព្រះសង្ឃទេសនាបានខិតខំប្រឹងប្រែងទន្ទេញ រៀនសូត្រ និងតម្រូវបទ Melodic យ៉ាងច្បាស់លាស់។ ចំណែកឯពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានសម្តែងនូវសេចក្តីជ្រះថ្លា ត្រៀមរៀបចំទេយ្យទាន បបកញ្ជី និងចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បទទួលបាននូវមហាកុសល។

...

     ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក មិនត្រឹមតែជាកិច្ចប្រារព្ធតាមបែបសាសនាយ៉ាងសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញនូវតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់សង្គមខ្មែរ៖ ទី ១. ការអប់រំចិត្ត និងការធ្វើទាន៖ ដាស់តឿនក្រើន រំលឹកដល់សព្វសត្វ និងមនុស្សទូទៅឱ្យស្គាល់ពីតម្លៃនៃការលះបង់ ការចែករំលែក និង «ទានបារមី» តាមគំរូដើមរបស់ព្រះវេស្សន្តរពោធិសត្វ។ ទី ២. ការអភិរក្សអក្សរសិល្ប៍បុរាណ៖ ជួយថែរក្សា បណ្តុះបណ្តាល និងផ្ទេរនូវមរតកអក្សរសិល្ប៍ ព្រះពុទ្ធសាសនា និងទម្រង់សិល្បៈនៃការសម្តែងធម៌ទេសនារបស់ខ្មែរឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ។  ទី ៣. ជំនឿ និងការបន់ស្រន់តាមប្រពៃណី ប្រជាពុទ្ធបរិស័ទបានរួមគ្នាបន់ស្រន់សុំ ភ្លៀងបោក្ខរពស៌ធ្លាក់ចុះមក ដើម្បីផ្តល់ភាពត្រជាក់ត្រជុំ និងបង្កើនប្រភពទឹកសម្រាប់ស្រែចម្ការដែលជិតដល់រដូវប្រមូលផល។ទី ៤. ជំនឿសាស្ត្រាមាល័យសូត្រ ផ្អែកតាមសាស្ត្រាបុរាណ មានជំនឿថា អ្នកណាដែល បានស្តាប់ និងទស្សនារឿងព្រះមហាវេស្សន្តរជាតកចប់ក្នុងរយៈពេល១ថ្ងៃ ដោយសេចក្តីជ្រះថ្លា នឹងមានឧបនិស្ស័យខ្ពង់ខ្ពស់បានកើតទាន់ និងជួបព្រះសិអារ្យមេត្រី ក្នុងអនាគតកាល ៕  ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print