លោក Roberto di Matteoត្រូវបាន បណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅរបស់ក្លិប Aston Villa ហើយក្រោយពីគាត់ដឹកនាំបានតែ១២៤ថ្ងៃប៉ុណ្ណោះ ។
អតីតកីឡាករនិងអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea រូបនេះត្រូវបានតែងតាំង ឲ្យមកដឹកនាំក្រុម Aston Villa ភ្លាមៗ ក្រោយពីអ្នកជំនួញចិន Dr Tony Xia ទិញ បានក្លិបថ្ងៃទី២ខែមិថុនា ។ ប៉ុន្តែក្រុម Aston Villa ឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ១១ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Championship។ បច្ចុប្បន្នលោក Steve Clarke ដែលជាជំនួយការរបស់ Roberto di Matteoគឺជាអ្នកដឹកនាំក្រុមបណ្តោះ អាសន្ន ។
ក្លិបAston Villaបានចេញសេចក្តីថ្លែងការណ៏បញ្ជាក់ថា”ក្លិបសូមប្រកាសបញ្ចប់តំណែង លោកRoberto di Matteoក្រោយពីលទ្ធផលគួរឲ្យខកចិត្តយ៉ាងខ្លាំងរបស់ ក្រុមដែលធ្វើឲ្យក្រុម Aston Villa ឈរ លំដាប់ថ្នាក់លេខ១៩។ យើងក៏សូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងជួយកសាងក្រុម”។
លោក Steve Bruce អតីតអ្នកចាត់ការ ទូទៅក្រុម Birmingham City និងលោក Mick McCarthy អតីតអ្នកដឹកនាំក្រុម Wolvesគឺជាបេក្ខភាពដែលអាចនឹងមកដឹកនាំក្រុម Aston Villa ។
គួររំលឹកថា លោក Di Matteo ធ្លាប់ទទួលជោគជ័យពេលដឹកនាំក្រុមតោខៀវ Chelsea ឈ្នះជើងឯក Champions League ឆ្នាំ ២០១២និងដឹកនាំក្រុម West Bromwich Albion ឈ្នះជើងឯកអង់គ្លេស Championship ហើយបានមកលេងនៅក្របខ័ណ្ឌ Premier Leagueវិញនៅក្នុងឆ្នាំ២០១០៕
ដោយ៖ ដេវីត