ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៅព្រឹកថ្ងៃទី២៧ខែតុលានេះបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ៤៥នាទី រំលងអធ្រាត្រ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីហិង្សារមួយបានកើតឡើង។
ជនរងគ្រោះ២នាក់ ភេទប្រុស រងបួស និងខូចខាតម៉ូតូ០១គ្រឿងនិងជនសង្ស័យប្រហែល ២០នាក់ ភេទ ប្រុស (ឃាត់ខ្លួនបានចំនួន ០៥នាក់)។ ជនសង្ស័យទាំង ០៥នាក់ មានលទ្ធផលតេស្តទឹកនោមអវិជ្ជមាន (-) ចំពោះសារធាតុញៀន រួមមាន៖
១- ឈ្មោះ សឺង សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ជាមេក្រុមធីម VTN។
២- ឈ្មោះ បញ្ញា មករា ហៅ មៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣- ឈ្មោះ រ៉ា ថេរ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤- ឈ្មោះ លី គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងនុប ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៥- ឈ្មោះ ហ៊ាង លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៦- បក្ខពួកផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់។
៤. វត្ថុតាងចាប់យក៖
* ជើងឆ័ត្រចំនួន ០១ដើម។
* ដុំឥដ្ឋចំនួន ០៤ដុំ។
* ដុំថ្មចំនួន ០៤ដុំ។
* ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ លេខម៉ាស៊ីន 0216607 ពាក់ផ្លាកលេខ កណ្ដាល 1AT-3164។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ០២នាក់បានជូនឪពុកទៅធ្វើការនៅក្រុមហ៊ុន CP។ បន្ទាប់ពីជូនឪពុកដល់កន្លែងធ្វើការរួច ពួកគេក៏បានជិះម៉ូតូត្រឡប់មកដល់មុខផ្ទះវិញ ស្រាប់តែឃើញក្រុមជនសង្ស័យប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង មកពីទិសខាងត្បូង ដោយមានកាន់ដុំថ្ម និងដំបងដែកជើងឆ័ត្រ។
បន្ទាប់មក ក្រុមជនសង្ស័យបានធ្វើសកម្មភាពគប់ដុំថ្ម និងវាយទៅលើជនរងគ្រោះទាំង ០២នាក់។ ពេលនោះ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចេញមកជួយ ទើបក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងជើង។ ដោយឡែក ជនសង្ស័យម្នាក់មិនទាន់ឡើងជិះម៉ូតូទាន់ ក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន រួចរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចានបានចុះទៅដល់កន្លែងកើតហេតុ និងនាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ បញ្ញា មករា រួចមក សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងតាមឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន ០៤នាក់ទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៥នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមដេញវាយជនរងគ្រោះប្រាកដមែន មូលហេតុដើម្បីកាត់សាញ (វាយលេង)។
ជាមួយគ្នានេះ ជនសង្ស័យឈ្មោះ លី គីមហុង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១លើក រយៈពេល ០៥ខែ ក្នុងឆ្នាំ២០២៦ ពីបទកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានសិទ្ធិ។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










