Mbappé និង LaLiga សុំទោសចិន ក្រោយសម្ដីចម្រូងចម្រាសធ្វើឱ្យក្រុមហ៊ុនធំៗបញ្ឈប់កិច្ចសហការ

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្លិប Real Madrid បានចេញមុខសុំទោស បន្ទាប់ពីក្រុមហ៊ុនចិនមួយចំនួនបានប្រកាសបញ្ឈប់កិច្ចសហការជាមួយរូបគេ ដោយសារសម្ដីដែលត្រូវបានចោទថា មិនសមរម្យពាក់ព័ន្ធនឹងអតីតមេដឹកនាំចិន លោក Mao Zedong។

កីឡាករបារាំងវ័យ ២៧ ឆ្នាំរូបនេះ តែងតែត្រូវបានគេយកទៅបង្កើតរូបភាពកំប្លែងតាមបណ្ដាញសង្គម ដោយប្រៀបធៀបរូបគេទៅនឹង «មេដឹកនាំផ្ដាច់ការ» ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីឥទ្ធិពលរបស់គេនៅពីក្រោយឆាកក្នុងក្លិប Real Madrid។ រូបភាពមួយដែលកំពុងពេញនិយម បានយកមុខរបស់ Mbappé ទៅជំនួសមុខលោក Mao Zedong។

ក្នុងកម្មវិធីជជែកតាមទូរទស្សន៍បារាំង The Bridge កីឡាករ Mbappé ត្រូវបានសួរអំពីរូបភាពកំប្លែងទាំងនេះ ហើយបាននិយាយថា វីដេអូដែលប្រៀបធៀបរូបគេទៅនឹង «មេដឹកនាំផ្ដាច់ការចិន» បានធ្វើឱ្យគេសើច។

បន្ទាប់ពីក្រុមហ៊ុនភេសជ្ជៈ Dongpeng Beverage និងក្រុមហ៊ុនផលិតផលទឹកដោះគោ Mengniu ប្រកាសបញ្ចប់កិច្ចសហការជាមួយរូបគេ Mbappé បានចេញសេចក្ដីថ្លែងការណ៍សុំទោស។

លោកបានសរសេរថា៖ «ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ខ្ញុំបានបញ្ចេញមតិចំពោះរូបភាពដែលបង្ហាញពីខ្លួនខ្ញុំ។ សម្ដីរបស់ខ្ញុំមិនបានពិចារណាឱ្យបានល្អ ហើយឥឡូវនេះខ្ញុំយល់ថា វាបានធ្វើឱ្យមនុស្សជាច្រើននៅប្រទេសចិន និងសហគមន៍ចិនជុំវិញពិភពលោកមានអារម្មណ៍ឈឺចាប់។

ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់ដែលរងផលប៉ះពាល់ពីសម្ដីរបស់ខ្ញុំ។ នេះមិនមែនជាចេតនារបស់ខ្ញុំឡើយ។ ខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយខ្ញុំពិតជាសោកស្ដាយដោយស្មោះ»។

LaLiga ក៏ចេញមុខសុំទោសដែរ

ក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ LaLiga ក៏បានចេញសេចក្ដីថ្លែងការណ៍សុំទោសចំពោះការប៉ះពាល់អារម្មណ៍អ្នកគាំទ្រចិន ដោយបញ្ជាក់ថា សម្ដីរបស់ Mbappé គឺជាការបញ្ចេញមតិផ្ទាល់ខ្លួន និងមិនតំណាងឱ្យ LaLiga ឡើយ។

LaLiga បានបញ្ជាក់ថា ខ្លួនសូមអភ័យទោសក្នុងនាមស្ថាប័ន និងក្លិបទាំងអស់ ព្រមទាំងបញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះការគោរព ការរស់នៅរួមគ្នាដោយសុខដុមរមនា និងការរួបរួមរវាងប្រជាជនគ្រប់វប្បធម៌។

ស្ថាប័ននេះក៏បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធនៅប្រទេសចិន ដើម្បីដោះស្រាយបញ្ហានេះ។ លើសពីនេះ LaLiga នឹងរៀបចំពិធីសារណែនាំអំពីការយល់ដឹង និងការទំនាក់ទំនង ដើម្បីលើកកម្ពស់ការគោរពវប្បធម៌ផ្សេងៗ និងទប់ស្កាត់ករណីស្រដៀងគ្នានាពេលអនាគត។

ចិនប្រតិកម្មខ្លាំង ខណៈក្រុមហ៊ុនបញ្ចប់កិច្ចសហការ

Mbappé ជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំងនៅចិន ហើយអ្នកគាំទ្រមួយចំនួនហៅរូបគេដោយក្តីស្រឡាញ់ថា «Guigui» ដែលមានន័យថា «អណ្ដើក» ពាក់ព័ន្ធនឹងរូបភាពកំប្លែង Teenage Mutant Ninja Turtles។

កាលពីមុន រូបគេក៏ធ្លាប់បង្ហាញខ្លួនលើដបភេសជ្ជៈប៉ូវកម្លាំងរបស់ Dongpeng ក្នុងអំឡុងពេលត្រៀមការប្រកួត World Cup ផងដែរ។ ប៉ុន្តែសម្ដីថ្មីៗរបស់គេបានបង្កឱ្យមានប្រតិកម្មខ្លាំងនៅចិន ដោយ Dongpeng និង Mengniu សុទ្ធតែប្រកាសបញ្ចប់កិច្ចសហការជាមួយរូបគេជាបន្ទាន់។

ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានរាយការណ៍ថា ទូរទស្សន៍រដ្ឋ CCTV កំពុងផ្អាកការផ្សាយការប្រកួត LaLiga។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសនេះបានកត់សម្គាល់របាយការណ៍ពាក់ព័ន្ធ ហើយសម្ដី ឬសកម្មភាពដែលធ្វើឱ្យប្រជាជនចិនឈឺចាប់ នឹងទទួលបានការប្រឆាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមចិន។

មុននេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង L’Équipe Mbappé ធ្លាប់និយាយថា រូបភាពកំប្លែងមួយចំនួនគឺគួរឱ្យអស់សំណើច ប៉ុន្តែរូបភាពខ្លះទៀតមិនសូវគួរឱ្យសើចទេ ដោយសារមនុស្សដែលត្រូវបានយកមកប្រៀបធៀបបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ។

...

គួរបញ្ជាក់ថា លោក Mao Zedong បានដឹកនាំបក្សកុម្មុយនិស្តចិនក្នុងឆ្នាំ១៩៤៩ និងកាន់អំណាចអស់រយៈពេលជិតបីទសវត្សរ៍ រហូតដល់លោកទទួលមរណភាពក្នុងឆ្នាំ១៩៧៦៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print