ការបោះឆ្នោតសភាអ៊ីស្រាអែល៖ គណបក្សប្រឆាំងអះអាងពីជ័យជម្នះ

ចែករំលែក៖

ទោះបីជាដំណើរការរាប់សន្លឹកឆ្នោតមិនទាន់បានបញ្ចប់ក៏ដោយ ក៏គណបក្សប្រឆាំងនៅអ៊ីស្រាអែលបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតសភាដែលបានធ្វើឡើងនៅថ្ងៃទី 27 ខែតុលា។

សារព័ត៌មាន AFP បានផ្សាយថា បេក្ខជននាយករដ្ឋមន្ត្រីអ៉ីស្រាអែលមកពីគណបក្សប្រឆាំង លោក Gadi Eisenkot នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បានប្ដេជ្ញាប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាល ដោយនិយាយថាអ្នកបោះឆ្នោតបានបោះឆ្នោតប្រឆាំងនឹងការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu។ ប៉ុន្តែមិនមានប្លុកគណបក្សនយោបាយណាមួយឈ្នះអាសនៈភាគច្រើនដែលត្រូវការជាចាំបាច់នោះទេ។
បើតាមលទ្ធផលបោះឆ្នោតបឋម ការបោះឆ្នោតកាលពីថ្ងៃអង្គារជាបរាជ័យមួយសម្រាប់ក្រុមចម្រុះរបស់លោក Netanyahu ហើយអាចនឹងនាំទៅការចរចានយោបាយចាយពេលច្រើនសប្ដាហ៍ដើម្បីបង្កើតរដ្ឋាភិបាល បើទោះជាស្ថានភាពគ្មានអ្នកឈ្នះចាញ់ពិតប្រាកដបែបនេះអាចអនុញ្ញាតឱ្យលោក Netanyahu បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នអំឡុងការចរចាបង្កើតក្រុមចម្រុះក៏ដោយ។ លទ្ធផលបោះឆ្នោតដែលត្រូវបានចេញផ្សាយជាបណ្ដើរៗក៏បានបង្ហាញដែរថាគ្មានប្លុកគណបក្សនយោបាយណាមួយទទួលបានអាសនៈចំនួន៦១ ដែលជាសំឡេងភាគច្រើនត្រូវការជាចាំបាច់នៃអាសនៈសភាអ៉ីស្រាអែលសរុប១២០នោះទេ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុង Tel Aviv លោក Eisenkot បានព្រមានប្រឆាំងនឹងលោក Netanyahu ជុំវិញការគំរាមរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះពី លទ្ធភាពបើកធ្វើសង្រ្គាមសាជាថ្មីជាមួយអ៉ីរ៉ង់។ «Netanyahu កុំប្រើប្រាស់សន្តិសុខរបស់អ៉ីស្រាអែលដើម្បីប្រយោជន៍នយោបាយរបស់ខ្លួនឯងឱ្យសោះ»។ នេះជាការលើកឡើងរបស់លោក Eisenkot ដោយបន្ថែមថាប្រជាជនអ៉ីស្រាអែលបានបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ។
ប្រសិនបើមិនមានបេក្ខជនណាម្នាក់មានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសាជាថ្មី។ អ៉ីស្រាអែលធ្លាប់បាន រៀបចំការបោះឆ្នោតសកលដល់ទៅ ៤លើក នៅចន្លោះពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២១ ដោយសារតែអ្នកនយោបាយអ៉ីស្រាអែលមិនអាចបង្កើត ក្រុមចម្រុះមួយមានស្ថិរភាព និងមានអាយុវែង។ ជាគោលការណ៍ បេក្ខជនត្រូវបានតែងតាំងដោយប្រធានាធិបតី មានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតក្រុមចម្រុះមួយ ហើយអាចទទួលបានរយៈពេល ១៤ថ្ងៃបន្ថែមទៀត៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print