ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិអំពីដំណើរការអភិវឌ្ឍន៍ ប្រទេសដើម្បីកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៖
ក្នុងពិធីសំណោះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាព្រំដែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយការចំណាយលើវិស័យសង្គមកិច្ចឡើយ ពិសេសវិស័យអប់រំ និងសុខាភិបាល។ ផ្ទុយទៅវិញ ថវិកាជាតិដែលចំណាយលើវិស័យសង្គមកិច្ចបានកើនឡើងជានិច្ច។ នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពដែលជួយគាំពារផ្ទាល់ដល់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ មិនមែនត្រឹមតែជាពាក្យសន្យាប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលពិតជាបានធ្វើប្រាកដមែន។
ជាក់ស្តែង រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងចាស់ជរាអាយុ៦០ឆ្នាំឡើង។ វិស័យអប់រំ សុខាភិបាល និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏ស្ថិតក្នុងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងកំពុងផ្តល់ផលដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមម្លប់សុខសន្តិភាពរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ក្រោមការដាក់ចេញនូវគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងការជួយគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍។ សមិទ្ធផលព្រោងព្រាត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បានកើតឡើងគ្រប់ទិសទី ដែលបាននិងកំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាក់ស្តែង កម្ពុជានិងជប៉ុនទើបតែបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លើលិខិតប្ដូរសារ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនសម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាពដែលមានទឹកប្រាក់ចំនួន៣០ប៊ីលានយ៉េន (ប្រមាណ២០០លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។ ការចុះហត្ថលេខានេះធ្វើឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
គម្រោងនេះមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រងនិងក្នុងអន្តរកាលនៃបញ្ហាថាមពល។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលបានធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជា ជីវភាពរបស់ប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់។
ជាក់ស្តែង ទោះបីជាពិភពលោកជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំងក៏ដោយ ក៏កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ នេះបើផ្អែកតាមការវាយតម្លៃឡើងវិញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើទិន្នន័យ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៧។ ចំណែកឯផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងពី ៣ ០៩៨ដុល្លារ នៅឆ្នាំ២០២៦ ដល់ ៣ ២៧៧ ដុល្លារអាម៉េរិកនៅឆ្នាំ២០២៧។
កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ កម្ពុជាក៏ទើបតែបានបំបែកកកំណត់ត្រាប្រវត្តិសាស្ត្រ ដែលអាចនាំអង្ករចេញលើស ពី១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ នេះ។ សូចនាករទាំងអស់នេះ សបញ្ជាក់ថា ចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែ បោះជំហានទៅមុខជាវិជ្ជមាន បើទោះបីជាត្រូវប្រឈមមុខ នឹងបញ្ហាធំៗ នៅចំពោះមុខជាច្រើនក៏ដោយ៕
ដោយ ៖ សិលា











