ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូល រួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៦ ក្រោមប្រធានបទ ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ ក្រោមអធិបតីភាពរបស់ លោក ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារ ណរដ្ឋសង្គមនិយមវៀតណាម។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមរយៈវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នេះ ក្រោមប្រធានបទការរួមបញ្ចូលគ្នា និងជំរុញកំណើនសេដ្ឋ កិច្ចសកលថ្មីៗ តាមផែនការអភិវឌ្ឍប្រកប ដោយអព្យាក្រឹតនៅឆ្នាំ២០៥០ ។
ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ វេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជននិងពាណិជ្ជករជុំវិញសកលលោកដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជំរុញ កំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគត ប្រកបដោយភាពធន់ និងចីរភាព។
ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ត្រូវបានផ្តល់ ជាកិត្តិយស អញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗមួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ ឯកឧត្តមអភិបាលបានថ្លែងនូវការអបអរសាទរចំពោះទីក្រុងហូជីមីញចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឱ្យ ថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកល លោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់ នាពេលនេះ។
លោកស្រី ដោ សម្ឆស្ស បានបន្ដថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាលបានចែករំលែកជូនវេទិកាដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, មានភាពបត់បែន និងស្របតាមបរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើ ការពន្លឿនការធ្វើឌីជីលូបនីយកម្ម, ការជំរុញ និងអភិវឌ្ឍន៏ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតងដោយធានាឱ្យ បាននូវភាពស៊ីសង្វាក់ក្នុងការផែនការអភិវឌ្ឍន៏ជាតិប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅក្នុងឆ្នាំ២០៥០។ ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍន៏ អន្តរជាតិទាំងអស់ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នា ក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការវិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។ ក្នុងន័យនេះ រាជធានីភ្នំពេញដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនក្នុងការចូលរួមគាំទ្រនិងសហការជាមួយបណ្តាទីក្រុង, ដៃគូអភិវឌ្ឍន៏ និងវិស័យ ឯកជនទាំងអស់ក្នុងការប្រែក្លាយនូវគោលនយោ បាយ,យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឱ្យក្លាយជាសកម្មភាពពិត សម្តៅចូលរួមចំណែកជំរុញ ការអភិវឌ្ឍទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិ ឱ្យ ឈានឆ្ពោះទៅមុខ យ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សម្តៅសម្រេចបានរួមគ្នានូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់,ច្នៃប្រឌិត,ទំនើប,បៃតង និងមានភាពឆ្លាតវៃ ជាពិសេស គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ៕
ដោយ៖ សំរិត










