អគ្គនាយកCMAC ជម្រាបប្រតិភូសហរដ្ឋអាមេរិកអំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥ កន្លងទៅ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានទទួលជួបស្វាគមន៍និងពិភាក្សាការងារជាមួយលោកស្រី Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធីនិងប្រតិបត្តិការនៃការិយាល័យកិច្ចនយោបាយនិងយោធានៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ethan Rinks អ្នកគ្រប់គ្រងកម្មវិធីនៃការិយាល័យទទួលបន្ទុកការបោសសម្អាតមីន និងការកាត់បន្ថយអាវុធ ព្រមទាំងសហការី។
លោក ហេង រតនា បានជម្រាបជូនលោកស្រី និងគណៈប្រតិភូអំពីវឌ្ឍនភាពនៃសកម្មភាពបោសសម្អាតផ្ទៃដីដែលរងផលប៉ះពាល់ដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមព្រមទាំងការស្រាវជ្រាវនិងវាយតម្លៃស្ថានភាពគ្រោះថ្នាក់ដើម្បីកំណត់តំបន់អាទិភាពនិងធានាថាផ្ទៃដីដែលបានបោសសម្អាតរួចអាចប្រើប្រាស់ដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសហគមន៍។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជាជាពិសេសបានធ្វើ អន្តរាគមន៍យ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនិងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនបន្ថែមអំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់ បែកចង្កោមនិងសំណល់ជាតិផ្ទុះដែលយោធាថៃបានបាញ់លើបូរណភាពទឹកដីកម្ពុជាក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥កន្លងទៅ។
ជាការឆ្លើយតប លោកស្រី Rachel Schiller បានសម្តែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីក្នុងការប្រកាន់ជំហរសន្តិភាពដោយអនុវត្តន៍មុឺងម៉ាត់នូវបទឈប់បាញ់និងបានពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក។ លោកស្រីក៏បានសំដែងនូវការវាយតម្លៃខ្ពស់ដល់កម្លាំងជំនាញដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកស្រីក៏បានបញ្ជាក់ជំហរបន្តគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធសង្គ្រាមនៅកម្ពុជាសម្រាប់បណ្តាឆ្នាំខាងមុខទៀត។
សូមរំលឹកថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អង្គភាពCMACតាមរយ:អង្គការNPAមានហិរញ្ញប្បទានឥតសំណងសរុបចំនួន៥លានដុល្លារសម្រាប់គម្រោងរយ:ពេល១៨ខែ (មករា ឆ្នាំ២០២៦ – មិថុនា២០២៧)។
ទន្ទឹមនឹងនេះ លោកជំទាវ Rachel Schiller ក៏បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរៀបចំសារមន្ទីរតេជោសន្តិភាពក្នុងខេត្តសៀមរាបដែលបានបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជា ផលវិបាកបង្កឡើងដោយសង្គ្រាម និងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមព្រមទាំងកសាងសន្តិភាពមួយពេញលេញនៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- សហរដ្ឋអាមេរិកក្នុងវិស័យបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមមិនត្រឹមតែចូលរួមពង្រឹងសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងវិបុលកម្ពុជាសម្រាប់អនាគតយូរអង្វែងផងដែរ៕
ដោយ ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print