ភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរៀបរាប់ថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើករថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ និងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្ដ្រីឈ្មោះ Sao LyChhing បានបង្ហោះសារទទួលស្គាល់ថា រថយន្ដបង្កហេតុជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកបើករថយន្ដនោះទេ៕












