ម៉ាឡេស៊ីទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣២,២ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing បានឱ្យដឹងថា វិស័យទេសចរណ៍បានបង្កើតចំណូលចំនួន ៣២៣ ពាន់លានរីងហ្គីតម៉ាឡេស៊ី (RM) ក្នុងអំឡុងពេលនេះ ដែលស្មើនឹង ១៥,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
អ្នកជំនាញក្នុងវិស័យនេះបានភ្ជាប់កំណើនទៅនឹងការពង្រីកជើងហោះហើរត្រង់ និងការកើនឡើងនៃព្រឹត្តិការណ៍អន្តរជាតិ។
ក្នុងត្រីមាសទី២ ម៉ាឡេស៊ីបានរៀបចំព្រឹត្តិការណ៍អន្តរជាតិចំនួន ១២៥ កើនឡើង ៨១,២% ខណៈចំនួនប្រតិភូអន្តរជាតិកើនឡើង ១០៥,២% ដល់ ៨៣.៥៩៦ នាក់។
លោក Tiong បានបញ្ជាក់ថា រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ១០ លានរីងហ្គីត ដើម្បីទាក់ទាញព្រឹត្តិការណ៍ MICE (កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងពិព័រណ៍) និងការប្រកួតកីឡាអន្តរជាតិធំៗបន្ថែមទៀត។
អង្គការទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៤ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២១ ដើម្បីគាំទ្រផ្លូវហោះហើរអន្តរជាតិចំនួន ៤៦ ខ្សែ។
លោក Tiong បានបន្ថែមថា ក្នុងចំណោមផ្លូវហោះហើរទាំងនេះ មាន ៣៥ ខ្សែជាផ្លូវថ្មី រួមមាន សៀងហៃ-តាវ៉ៅ សៀងហៃ-ប៉េណាំង សៀមិន-កូតាគីណាបាលូ និងហ្វ្រែងហ្វើត-កូឡាឡាំពួរ។
ម៉ាឡេស៊ីកំពុងក្លាយជាចំណុចភ្លឺក្នុងវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ ខណៈប្រទេសជិតខាងមួយចំនួនកំពុងរាយការណ៍ពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។
ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៣.៤ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ៣.៨៨% បើធៀបនឹងឆ្នាំមុន។
ចំណែកប្រទេសសិង្ហបុរី ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១២.៦ លាននាក់ ចាប់ពីខែមករាដល់ខែកញ្ញា ធ្លាក់ចុះ ១.៧%៕










