ខេត្តកំពង់ស្ពឺ÷ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ ដោយមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថតាមលេខ Hotline 1292 ក្នុងភូមិសាស្ត្រស្រុកថ្ពង។
អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៧:៤៨នាទី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនៅក្នុងស្រុកថ្ពង។
ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះអឿ សុភាព ភេទស្រី អាយុ៥៧ឆ្នាំ(ត្រូវជាម្ដាយបង្កើត) តែមិនឃើញជនសង្ស័យ(រត់គេចខ្លួនបាត់)។
លុះដល់វេលាម៉ោង ៩:២៥ នាទី ថ្ងៃទី២៨ ខែ.ឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពងបានឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ទែន គីមអេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាកូនបង្កើត) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យឈ្មោះ ទែន គីមអេង បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់គំរាមកំហែងសម្លាប់ទៅលើម្តាយបង្កើតខ្លួនឯង។
កម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងបានកាំបិតផ្គាក់ចំនួន០១ដើមនិងទូរស័ព្ទ iphone ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










