សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ថា នាវាដឹកប្រេងចំនួន៤គ្រឿង បានឆាបឆេះ ក្រោយបើកប៉ះជាមួយមីន ពេលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ពោលគឺមួយថ្ងៃបន្ទាប់ពីយោធាអាមេរិក ទើបតែប្រកាសថា ខ្លួនបានបោសសម្អាតមីន នៅច្រកផ្លូវធ្វើនាវាចរណ៍ដ៏សំខាន់នេះ។
IRGC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កប៉ាល់ដឹកប្រេងចំនួន ៣គ្រឿង ដែលបានរំលោភបំពាន ការរឹតត្បិតដែលខ្លួនដាក់ចេញ បានផ្ទុះនិងឆាបឆេះ ក្រោយបើកបុកគ្រាន់មីន អំឡុងពេលព្យាយាមឆ្លងកាត់ផ្លូវមួយនៅភាគខាងត្បូង នៃច្រកសមុទ្រ Hormuz ដែលមិនត្រូវបានអនុញ្ញាត។
ក្រោយមកក្នុងថ្ងៃដដែលនោះ យោធាអ៉ីរ៉ង់បានរាយការណ៍ថា នាវាដឹកប្រេង១គ្រឿងទៀត ក៏បានឆាបឆេះនៅភាគខាងកើតច្រកសមុទ្រនេះ បន្ទាប់ពីបើកបុកមីន ពេលកំពុងប្រតិបត្តិការ នៅក្នុងទីតាំងដែលមានការរឹតត្បិត និងគ្រោះថ្នាក់។ គេមិនទាន់ដឹងច្បាស់ថា នាវាទាំងនោះ ជានាវារបស់ប្រទេសណាខ្លះឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារតាមដានការដឹកជញ្ជូនដែនសមុទ្រ UKMTO របស់ព្រីតថេន (ចក្រភពអង់គ្លេស) ក៏បានឱ្យដឹងដែរថា ខ្លួនទទួលបានសេចក្តីរាយការណ៍ពីករណីកប៉ាល់មួយចំនួន រងការឆាបឆេះនៅច្រកសមុទ្រ Hormuz។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៉ីរ៉ង់បានរាយការណ៍ពីករណីនាវាជាច្រើនគ្រឿង បើកបុកគ្រាប់មីនបង្កប់ក្នុងផ្ទៃសមុទ្រ ដែលជំរុញឱ្យបញ្ជាការដ្ឋានកណ្តាលយោធាអាមេរិក CENTCOM ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្នុងតំបន់ ចេញមុខអះអាងតាមបណ្តាញសង្គមថា មីនទាំងអស់នៅច្រកសមុទ្រ Hormuz គឺត្រូវបានបោសសម្អាតរួចហើយ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យ IRGC លោក Hossein Mohebi បានតវ៉ាចំពោះការអះអាងរបស់យោធាអាមេរិក ដោយសរសេរនៅលើបណ្តាញសង្គម X ដូច្នេះថា «សូមបង្ហាញភស្តុតាងឯករាជ្យ ដើម្បីបញ្ជាក់ការអះអាងរបស់អ្នក អំពីការបោសសម្អាតមីននៅ Hormuz មិនមែនគ្រាន់តែអះអាងតាមរយៈសេចក្តីថ្លែងការណ៍នោះទេ»៕









