រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កំពុងស្ថិតនៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូល G20 ដែលត្រូវបានគេរំពឹងថានឹងគូសបញ្ជាក់ពីមូលហេតុនៃភាពតានតឹងអន្តរជាតិ និងប្រឆាំងនឹងការប្រើប្រាស់ទណ្ឌកម្មជាអាវុធសេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 រៀបចំឡើងនៅទីក្រុង Atlanta។
កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីប្រទេសមានសេដ្ឋកិច្ចធំៗ កើតឡើងចំពេលដែលបញ្ហាជាច្រើន កំពុងស្ថិតក្នុងភាពជាប់គាំង ដោយរាប់ចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីរ៉ង់ រហូតដល់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ខណៈតម្លៃប្រេងលើពិភពលោក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់។ ការប្រព្រឹត្តទៅនៃកិច្ចពិភាក្សារវាងក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Atlanta នៃរដ្ឋ Georgia គឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយវានឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅខែធ្នូ ដែលនឹងរៀបចំឡើងក្នុងទីក្រុង Miami នៅរីសត Doral របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់។
កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូបាននិយាយថា លោក Lavrov នឹងប្រើប្រាស់សុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំខាងលើ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ។ កិច្ចប្រជុំនេះទៀតសោត ធ្វើឡើងមុនកិច្ចចរចាជុំថ្មីរវាងក្រុមមន្រ្តីរុស្ស៉ី អ៊ុយក្រែន និងអាមេរិក ស្តីពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

រូបថត: Tass









