ខេត្តបាត់ដំបង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំ សូមប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល ពីព្រោះគ្រប់កាលៈទេសៈទាំងអស់ ទាំងរដ្ឋបាលថ្នាក់មូលដ្ឋាន ក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ គឺតែងតែនៅជួយសង្គ្រោះប្រជាពលរដ្ឋជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះបីជាប្រទេសជាតិធ្លាប់បានឆ្លងកាត់នូវកាលៈទេសៈដ៏លំបាកបំផុត ដូចជាសង្គ្រាមស៊ីវិល និងបញ្ហាសេដ្ឋកិច្ចផ្សេងៗក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះក្តី ក៏រាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងដោះស្រាយ និងកសាងប្រទេសជាតិឱ្យរីកចម្រើនជាបន្តបន្ទាប់៕
ដោយ ៖ សិលា










