ខេត្តបន្ទាយមានជ័យ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានចំនួន ៣ទីតាំង ដោយដឹកនាំសម្របសម្រួលដោយលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងប្រតិបត្តិនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅសង្កាត់អូរជ្រៅ ដែលដឹកនាំដោយលោក ពេស រិយាស័ក និងសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៨នាក់ (ស្រី ៥នាក់) រួមមានជនជាតិឥណ្ឌូណេស៊ី ១២នាក់ (ស្រី ២នាក់) ជនជាតិចិន ១២នាក់ ជនជាតិថៃ ២នាក់ (ស្រី ២នាក់) ជនជាតិឡាវ ១នាក់ (ស្រី ១នាក់) និងជនជាតិបង់ក្លាដេស ១នាក់។ ក្រៅពីនេះ ក៏មានជនជាតិខ្មែរចំនួន ១០នាក់ (ស្រី ៧នាក់) ផងដែរ។
ជាលទ្ធផល វត្ថុតាងមួយចំនួនត្រូវបានរឹបអូស រួមមានកាំភ្លើងខ្លី ២ដើម គ្រាប់បែក ១គ្រាប់ និងគ្រាប់ WY ចំនួន ៣៣៤គ្រាប់។
ទីតាំងដែលរកឃើញបទល្មើសត្រូវបានបិទជាបណ្ដោះអាសន្ន ហើយវត្ថុតាង រួមទាំងជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕ដោយ៖តារា










