កីឡាករកាយវប្បកម្មជនជាតិជប៉ុនវ័យ ៩០ ឆ្នាំ បង្ហាញមហិច្ឆតាមិនចុះចាញ់អាយុនៅលើឆាកប្រកួតក្នុងប្រទេសអេស្ប៉ាញ

ចែករំលែក៖

កីឡាករកាយវប្បកម្មជនជាតិជប៉ុន Toshisuke Kanazawa វ័យ ៩០ ឆ្នាំ បានឡើងបង្ហាញសមត្ថភាពនៅលើឆាកប្រកួតក្នុងតំបន់ Costa del Maresme ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ ដោយមានគោលបំណងបង្ហាញថា អាយុមិនមែនជាឧបសគ្គចំពោះការរក្សាកាយសម្បទាឱ្យរឹងមាំ និងមានសុខភាពល្អនោះទេ។

បុរសវ័យ ៩០ ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុងមាត់សមុទ្រ Santa Susanna ដើម្បីចូលរួមប្រកួតជាមួយកីឡាករដែលមានអាយុតិចជាងខ្លួនរាប់សិបឆ្នាំ ក្នុងប្រភេទ Masters សម្រាប់អត្តពលិកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ការប្រកួតនេះរៀបចំឡើងដោយសហព័ន្ធកីឡាកាយសម្បទា និងកាយវប្បកម្មអន្តរជាតិ (International Fitness and Bodybuilding Federation)។

នៅខាងក្រោយឆាក លោក Kanazawa បានអនុវត្តការរៀបចំខ្លួនដូចកីឡាករវ័យក្មេងដទៃទៀត ដោយហាត់កម្តៅសាច់ដុំជាមួយក្រុមការងារ និងបាញ់ថ្នាំធ្វើឱ្យស្បែកមានពណ៌ត្នោត មុនពេលឡើងបង្ហាញសាច់ដុំនៅក្រោមពន្លឺភ្លើងឆាក។

លោក Kanazawa បាននិយាយថា៖ «ខ្ញុំចូលចិត្តសាកល្បងធ្វើអ្វីដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើ ហើយអ្វីដែលសំខាន់ជាងគេ ខ្ញុំចង់បន្តកីឡាកាយវប្បកម្មរហូតដល់ចុងបញ្ចប់នៃជីវិត»។

លោកបានលើកឡើងថា ការរស់នៅបានយូរ និងការរក្សាកាយសម្បទាឱ្យរឹងមាំ គឺដោយសារតែការប្រកាន់ខ្ជាប់នូវទម្លាប់ទទួលទានអាហារយ៉ាងតឹងរ៉ឹង ដែលលោកបានអនុវត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកបានបន្ថែមថា៖ «នេះជាអ្វីមួយដែលខ្ញុំបានស្រាវជ្រាវ និងចង់សិក្សាបន្ថែមទៀត។ ចាប់តាំងពីខ្ញុំមានអាយុ ៥០ ឆ្នាំមក ខ្ញុំបានបង្កើនសាច់ដុំតាមរយៈការទទួលទានអាហារបែបជប៉ុនសុទ្ធសាធ ដូចជា បាយអង្ករសម្រូប ណាតូ (សណ្តែកសៀងដែលបានបំប្លែងជាតិ) និងស៊ុបមីសូ»។

លោកបានបន្តថា៖ «នេះគឺជាទម្លាប់ទទួលទានអាហារបែបជប៉ុនបុរាណ។ ហើយដោយសារតែការទទួលទានបែបនេះ ខ្ញុំមានអាយុ ៩០ ឆ្នាំហើយ ប៉ុន្តែមិនដែលធ្លាក់ខ្លួនឈឺសោះ»។

ទោះបីជាមិនទទួលបានចំណាត់ថ្នាក់ក្នុងចំណោមអ្នកឈ្នះមេដាយក៏ដោយ ក៏លោក Kanazawa នៅតែប្តេជ្ញាចិត្តបន្តបំបែកដែនកំណត់ក្នុងវិស័យកីឡានេះ។ លោកក៏បានបង្ហើបពីគម្រោងចូលរួមប្រកួតម្តងទៀតជាលើកចុងក្រោយ មុនពេលចូលនិវត្តន៍ពីការប្រកួត។

លោកបាននិយាយថា៖ «ខ្ញុំកំពុងគិតថា ប្រហែលជាខ្ញុំនឹងសាកល្បងប្រកួតម្តងទៀតនៅអាយុ ៩៣ ឆ្នាំ។ បន្ទាប់ពីនោះ ខ្ញុំប្រហែលជាត្រូវចូលនិវត្តន៍ហើយ»។

លោកបានបន្ថែមថា៖ «នៅពេលអ្នកកាន់តែចាស់ ស្នាមជ្រួញក៏ចាប់ផ្តើមកើតមានកាន់តែច្រើន។ នៅប្រទេសជប៉ុន មានគំនិតមួយថា នៅពេលអ្នកមានស្នាមជ្រួញច្រើន វាមើលទៅមិនសូវស្អាតទៀតទេ»។

ជាចុងក្រោយ លោក Kanazawa សង្ឃឹមថា ការតស៊ូ និងការខិតខំប្រឹងប្រែងរបស់លោក នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដល់មនុស្សវ័យចំណាស់ជំនាន់ក្រោយ ឱ្យបន្តសកម្មភាពរាងកាយ និងហ៊ានប្រឈមនឹងដែនកំណត់ដែលសង្គមតែងតែគិតថាមិនអាចឆ្លងកាត់បាន។

លោកបានសង្កត់ធ្ងន់ថា៖ «នៅពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយហើយ អ្នកត្រូវអភិវឌ្ឍកម្លាំងចិត្ត និងការប្តេជ្ញាចិត្ត ដើម្បីធ្វើវាឱ្យបានសម្រេច ទោះបីជាជួបឧបសគ្គអ្វីក៏ដោយ»។

...

លោកបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងដូចខ្ញុំដែរ។ ខ្ញុំជឿថា ប្រសិនបើពួកគេធ្វើដូច្នេះ យើងនឹងឃើញមនុស្សកាន់តែច្រើនដែលមានសមត្ថភាពដូចខ្ញុំ ទោះបីជាពួកគេកាន់តែមានវ័យចាស់ក៏ដោយ។ នេះជាអ្វីដែលខ្ញុំសង្ឃឹម ហើយខ្ញុំចង់ក្លាយជាគំរូដ៏ល្អមួយសម្រាប់អ្នកដទៃ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print