រឿង«នារីវេទមន្ត»ចាក់បញ្ចាំងជាផ្លូវការក្រោយក្រសួងធ្វើការត្រួតពិនិត្យម្តងទៀត

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរឿង “នារីវេទមន្ត”របស់ផលិតកម្មRock ដែលលេចចេញនូវឈុតឆាកអាក្រាតកាយមួយចំនួន នោះត្រូវបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការត្រួតពិនិត្យជាថ្មីមុនពេលចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវរឿង«នារីវេទមន្ត» កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នារោងភាពយន្តMajor Cineplex by Cellcard ស្ថិតក្នុងផ្សារទំនើបអ៊ីអន។

លោក យឹម សុសត្យា ហៅលី ម៉េងអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មរ៉ុកបានថ្លែងឲ្យដឹងនាឱកាសនោះដែរថា រឿង«នារីវេទមន្ត»ហាក់មានការចាប់អារម្មណ៍ខ្លាំងត្រង់ឈុតអត់មានសំលៀកបំពាក់របស់កញ្ញាឌុច លីដា ហើយមានការចម្រូងចម្រាស់ច្រើនណាស់បន្ទាប់ពីមានព័ត៌មានចេញទៅ។ លោកថា ការពិតខ្សែរឿងនេះទទួលបានទិដ្ឋាការបញ្ចាំងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួចមកហើយ។ ប៉ុន្តែក្រោយផ្ទុះព័ត៌មានទៅក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺលោក សោម សុគន្ធ គាត់បានកោះហៅខាងយើងដើម្បីត្រួតពិនិត្យមើលឡើងវិញ។ លទ្ធផលចុងក្រោយបន្ទាប់ពីទស្សនាអស់មួយចប់រឿងនោះគឺថាអត់មានបញ្ហាអ្វីនោះទេការស្រាតជាលក្ខណៈស្រាតបែបសិល្បៈពុំមែនស្រាតបែបអាសអាភាសឡើយ។ លោកបន្ថែមថា ក្រោយក្រសួងអនុញ្ញាតបែរជានៅខាងទូរទស្សន៍គេមិនព្រមចាក់បញ្ចាំងបែបផ្សាយដំណឹងខ្លះៗទាំងមានឈុតអាក្រាតនោះទេគឺមិនព្រមចាក់បើកាលណាមានឈុតឌុច លីដាស្រាតគឺអត់ចាក់ឡើយ។ យ៉ាងណារឿងមួយនេះអត់មានអ្វីខុសច្បាប់ទេគឺអាចចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះតទៅ។ សម្រាប់ផលិតកម្មរ៉ុកខ្សែរឿង«នារីវេទមន្ត»ជាខ្នាតរឿងបែបអន្តរជាតិទី២ហើយ បើនិយាយពីរឿងដុំផលិតកម្មយើងបានផលិតអស់ចំនួន១៣រឿងក្នុងនោះរឿងខ្នាតអន្តរជាតិមានពីរគឺរឿង«មុនពេលដួលរលំ»និងរឿង«នារីវេទមន្ត»។

កញ្ញាឌុច លីដាតួអង្គសំខាន់ដែលចាត់ទុកថាជាតារាចិត្តហ៊ានដំបូងគេក្នុងការថតបែបអាក្រាតកាយបានចាប់អារម្មណ៍ដែរថា សម្រាប់នាងក្នុងរឿង«នារីវេទមន្ត»នេះពិតជាបានលះបង់ខ្ពស់ ហើយមុននឹងសម្រេចចិត្តថតបែបនេះគឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរហើយក៏យល់ដឹងពីតម្លៃវប្បធម៌យើងដែរ។ ប៉ុន្តែអ្វីដែលនាងធ្វើដើម្បីតែសិល្បៈប៉ុណ្ណោះ និងចង់ឲ្យសាច់រឿងល្អហើយក៏មានបច្ចេកទេសគេជួយយើងដែរ។ នាងមិនអាចនិយាយក្បោះក្បាយនោះទេមានតែមកទស្សនាទើបដឹង។ ចំពោះតម្លៃបានថ្លៃប៉ុណ្ណាក៏មិនជម្រាបដែរគឺជាការងារផ្ទៃក្នុង។នាងនិយាយទៀតថា ការរិះគន់គឺនាងពិតជាដឹងអ្នកខ្លះគ្រាន់តែមើលឈុតផ្សាយខ្លីៗគឺគេថានាងសាហាវខ្លាំងណាស់នារីខ្មែរមិនគួរធ្វើចឹងឡើយ។ តែនេះជាលក្ខណៈសិល្បៈដើម្បីឲ្យរឿងខ្មែរល្អដើរទៅមុខទៀតប៉ុណ្ណោះ។

លោកJimmy Hendersonអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធបានមានប្រសាសន៍ថា លោកមានការជឿជាក់ចំពោះឧស្សាហកម្មភាពយន្តនៅកម្ពុជាដោយនឹងមានការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ការផលិតភាពយន្ត និងជាផ្នែកមួយនៃការផ្លាស់ប្តូរ។ បេសកម្មដែលលោកបានធ្វើការកាលពី២ទៅ៣ឆ្នាំមុនគឺជាការនាំយកភាពខុសប្លែកនិងរសជាតិសាច់រឿងថ្មីៗសម្រាប់ទស្សនិកជន។ រឿង«នារីវេទមន្ត»ជាភាពយន្តមួយដែលកើតចេញពីការខិតខំប្រឹងប្រែងនៃក្រុមការងារផលិតកម្មRockដើម្បីមានគុណភាពស្តង់ដារអន្តរជាតិដែលអាចលក់ចេញទៅទីផ្សារក្រៅស្រុកផងដែរ។ នេះជាប្រភេទរឿងស្រមើស្រមៃអភិនិហាដែលនឹងចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះគ្រប់រោងកុននារាជធានីភ្នំពេញ៕

img_1673 img_1568 img_1556 img_1536 img_1578 img_1586 img_1657img_1621 img_1641 img_1707 img_1626 img_1591 img_1632 img_1647

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print