ប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅអនុវិទ្យាល័យត្រពាំងរុន ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ៅ សំរេច នាយប៉ុស្តិ៍ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅអនុវិទ្យាល័យត្រពាំងរុន ស្ថិតក្នុងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំ លោកគ្រូ-អ្នកគ្រូ អាជ្ញាធរដែនដី និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកអនុសេនីយ៍ឯក ម៉ៅ សំរេច បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានថ្លែងនូវមតិសំណេះសំណាល និងផ្សព្វផ្សាយការយល់ដឹងសំខាន់ៗដល់សិស្សានុសិស្ស ដោយផ្តោតលើចំណុចស្នូលរួមមាន៖១. ការបង្ការទប់ស្កាត់ក្មេងទំនើង និងអំពើហិង្សា៖ ណែនាំឱ្យក្មួយៗសិស្សានុសិស្សជៀសឱ្យឆ្ងាយពីការចងក្រងបក្ខពួកបង្កជម្លោះ ឬអំពើហិង្សាទាំងក្នុងនិងក្រៅបរិវេណសាលា ដែលនាំឱ្យប៉ះពាល់ដល់អនាគត និងត្រូវប្រឈមចំពោះមុខច្បាប់។២. សុវត្ថិភាពចរាចរណ៍ផ្លូវគោក៖ ដាស់តឿនដល់ការគោរពច្បាប់ចរាចរណ៍ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរ និងការបញ្ឈប់ដាច់ខាតនូវការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូបន្លឺសំឡេងរំខានដល់សាធារណជន។៣. ការជៀសឆ្ងាយពីគ្រឿងញៀន និងបារីអេឡិចត្រូនិច (Vape)៖ ក្រើនរំលឹកកុំឱ្យសាកល្បងនូវសារធាតុញៀន និងបារីអេឡិចត្រូនិចគ្រប់ប្រភេទ ដែលជាប្រភពបំផ្លាញសុខភាព និងការសិក្សា។

៤. ការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា AI ប្រកបដោយភាពឆ្លាតវៃ៖ ណែនាំឱ្យក្មួយៗបែងចែកឱ្យច្បាស់រវាងការកម្សាន្តលើពិភពនិម្មិត និងពិភពជាក់ស្តែង កុំចំណាយពេលងុបងុលលើអេក្រង់ទូរសព្ទច្រើនហួសហេតុ ហើយងាកមកផ្តោតលើការរៀនសូត្រ និងសកម្មភាពវិជ្ជមានក្នុងសង្គម។ជាចុងក្រោយ លោកនាយប៉ុស្តិ៍បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្លាំងនគរបាលប៉ុស្តិ៍នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងសាលា អាជ្ញាធរភូមិ-ឃុំ និងកម្លាំងប្រជាការពារ ដើម្បីបង្កើនការយាមកាម និងល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញបរិវេណសាលារៀន ធានាឱ្យបរិយាកាសសិក្សារបស់កូនចៅប្រជាពលរដ្ឋប្រព្រឹត្តទៅដោយសុវត្ថិភាព និងភាពស្ងប់ចិត្ត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print