ក្រុមហ៊ុនធំៗមានមតិខុសគ្នាជុំវិញសំណើរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពន្ធថ្មីលើទំនិញនាំចូលពីប្រទេសវៀតណាមនៅក្នុងខែនេះ។ ក្នុងនោះ ក្រុមហ៊ុន Tesla និង Samsung បានបង្ហាញជំហរជំទាស់ ខណៈក្រុមហ៊ុន និងសមាគមឧស្សាហកម្មមួយចំនួនទៀតបានអំពាវនាវឱ្យដាក់វិធានការពិន័យ។ នេះបើយោងតាមឯកសារដែលបានដាក់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក។
រដ្ឋបាលលោក Donald Trump បានកំណត់ថ្ងៃទី២៩ ខែវិច្ឆិកា ជាថ្ងៃផុតកំណត់សម្រាប់បញ្ចប់ការស៊ើបអង្កេតពាណិជ្ជកម្ម ដែលបានចាប់ផ្តើមកាលពីខែឧសភា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា វៀតណាមបានរំលោភបំពានកម្មសិទ្ធិបញ្ញា (IP)។
អាមេរិកបានកំណត់វៀតណាមជាប្រទេសអាទិភាពសម្រាប់ការតាមដានពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធិបញ្ញា (Priority Foreign Country) ដែលជាប្រទេសដំបូងក្នុងរយៈពេល ១៣ ឆ្នាំ ដែលត្រូវបានបញ្ចូលទៅក្នុងប្រភេទបញ្ជីតាមដានធ្ងន់ធ្ងរបំផុតរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថា «បន្តខកខានក្នុងការដោះស្រាយកង្វល់ដែលមានជាយូរមកហើយ ពាក់ព័ន្ធនឹងការការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា»។ ក្រៅពីនេះ ក៏មានការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត លើការចោទប្រកាន់អំពីសមត្ថភាពផលិតកម្មលើសតម្រូវការ។ ចំណែកវៀតណាមបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការស៊ើបអង្កេតដោយមានភាពយុត្តិធម៌ និងអព្យាក្រឹត។
នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថា ពន្ធដែលអាចដាក់ពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធិបញ្ញា នឹងអនុវត្តលើទំនិញវៀតណាមទាំងអស់ ឬផ្តោតលើវិស័យជាក់លាក់ណាមួយ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ពន្ធទូទៅ ១២,៥% លើទំនិញនាំចូលពីវៀតណាម។ ពន្ធនេះត្រូវបានអនុវត្តកាលពីខែកក្កដា បន្ទាប់ពីការស៊ើបអង្កេតលើការចោទប្រកាន់ថា វៀតណាមមិនបានទប់ស្កាត់ការនាំចូលទំនិញដែលផលិតដោយប្រើប្រាស់ពលកម្មដោយបង្ខំ។
វៀតណាម ដែលត្រូវបានចោទប្រកាន់ជាយូរមកហើយថា ជាច្រកឆ្លងកាត់សម្រាប់ទំនិញចិន ក៏ធ្លាប់ប្រឈមនឹងពន្ធ ២០% បន្ទាប់ពីការប្រកាសវិធានការពន្ធ «Liberation Day» របស់លោក Trump។ ប៉ុន្តែពន្ធទាំងនោះត្រូវបានតុលាការកំពូលអាមេរិកលុបចោល។ អ្នកសេដ្ឋកិច្ចជាច្រើនបានលើកឡើងថា គោលបំណងរបស់រដ្ឋបាលលោក Trump គឺចង់ដាក់ពន្ធឡើងវិញយ៉ាងហោចណាស់ក្នុងកម្រិតដូចគ្នានឹងពន្ធដែលតុលាការកំពូលបានលុបចោល។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានស្នើឱ្យការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) «ពិចារណាលើតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតនៅសហរដ្ឋអាមេរិក»។
ក្រុមហ៊ុនបានបញ្ជាក់ក្នុងមតិយោបល់ដែលបានដាក់ជូនកាលពីថ្ងៃទី២ ខែកក្កដាថា គ្រឿងបន្លាស់បច្ចេកវិទ្យាទំនើបមួយចំនួន និងឧបករណ៍ផលិតកម្មដែលមានភាពជាក់លាក់ខ្ពស់ មិនអាចរកប្រភពផ្គត់ផ្គង់ក្នុងស្រុកបានទេ ទោះបីជាមានការវិនិយោគយ៉ាងច្រើនលើការផលិតនៅសហរដ្ឋអាមេរិកក៏ដោយ។
ក្រុមហ៊ុន Samsung ប្រចាំសហរដ្ឋអាមេរិកក៏បានលើកឡើងនូវហេតុផលស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថា ប្រទេសវៀតណាមផលិតទូរស័ព្ទស្មាតហ្វូន និងឧបករណ៍បណ្តាញទំនាក់ទំនងរបស់ Samsung ក្នុងចំណែកដ៏សំខាន់សម្រាប់ទីផ្សារអាមេរិក។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ដោយបានវិនិយោគទឹកប្រាក់ប្រមាណ ២៥ ពាន់លានដុល្លារ។
ក្រុមអាជីវកម្មលក់រាយ និងសមាគមពាណិជ្ជកម្មដែលតំណាងឱ្យឧស្សាហកម្មមានប្រតិបត្តិការផលិតកម្មយ៉ាងទូលំទូលាយនៅវៀតណាម ក៏បានជំទាស់នឹងការដាក់ពន្ធបន្ថែមផងដែរ។ វិស័យទាំងនោះរួមមាន ស្បែកជើង សម្លៀកបំពាក់ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជា កង់ និងម៉ាស៊ីនហ្គេមវីដេអូ។
ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៤២% ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កំណើននេះបានធ្វើឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មរបស់អាមេរិកដែលមានអតិរេកពាណិជ្ជកម្មទំនិញខ្ពស់បំផុត ដោយនាំមុខប្រទេសចិន និងម៉ិកស៊ិក។ កាលពីចុងឆ្នាំ២០២៥ វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី៤ ប៉ុណ្ណោះ។
ក្រុមឧស្សាហកម្មដែកថែប ថាមពលព្រះអាទិត្យ និងឈើ ចោទប្រកាន់ពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាព
ក្រុមឧស្សាហកម្មដែលតំណាងឱ្យក្រុមហ៊ុនផលិតនៅសហរដ្ឋអាមេរិក ក្នុងវិស័យដែកថែប ផលិតផលអាហារសមុទ្រ បន្ទះក្តារឈើ បន្ទះសូឡា និងផលិតផលឈើ បានចោទប្រកាន់វៀតណាមពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាព និងបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកដាក់ពន្ធថ្មី។
ចំណែកម្ចាស់សិទ្ធិកម្មសិទ្ធិបញ្ញា ដូចជាសមាគមឧស្សាហកម្មកម្មវិធីកុំព្យូទ័រ ភាពយន្ត និងតន្ត្រី បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនទាមទារការប្តេជ្ញាចិត្តជាក់លាក់ពីវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការលួចចម្លង និងចែកចាយស្នាដៃដោយខុសច្បាប់ដែលកំពុងរីករាលដាល។
សមាគម Business Software Alliance ដែលមានសមាជិករួមមាន Microsoft, Oracle និង IBM បានលើកឡើងថា ប្រហែល ៧៥% នៃកម្មវិធីកុំព្យូទ័រដែលត្រូវបានដំឡើងនៅលើកុំព្យូទ័រផ្ទាល់ខ្លួនក្នុងប្រទេសវៀតណាម គឺជាកម្មវិធីដែលមិនមានអាជ្ញាបណ្ណ។ ការលើកឡើងនេះផ្អែកលើការស្ទង់មតិកាលពីឆ្នាំ២០១៧។
សមាគមនេះបានរិះគន់អ្វីដែលខ្លួនហៅថា «ការអនុវត្តច្បាប់មិនគ្រប់គ្រាន់» ទោះបីជាវៀតណាមបានប្តេជ្ញាចិត្តជាបន្តបន្ទាប់ថានឹងដោះស្រាយបញ្ហានេះក៏ដោយ។
ចំណែកសមាគមភាពយន្ត Motion Picture Association បាននិយាយថា វៀតណាមគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការលួចចម្លងមាតិកាតាមអ៊ីនធឺណិត ដោយមានគេហទំព័រជាច្រើនចែកចាយភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលត្រូវបានលួចយកទៅប្រើប្រាស់ដោយខុសច្បាប់។
សមាគមនេះបានឱ្យដឹងថា គេហទំព័រទាំងនោះទទួលបានការចូលមើលសរុបជាង ១២,៥ ពាន់លានដងនៅទូទាំងពិភពលោកក្នុងឆ្នាំមុន។ ដូច្នេះ សមាគមបានអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងបង្កើនលទ្ធភាពចូលទីផ្សារសម្រាប់សេវាកម្មផ្សាយមាតិកាតាមអ៊ីនធឺណិតស្របច្បាប់៕










