នាយកប្រតិបត្តិថ្មីរបស់ Apple លោក John Ternus ត្រូវប្រឈមនឹងការសាកល្បងលើកដំបូង ខណៈតម្លៃបន្ទះឈីបអង្គចងចាំកើនឡើង

ចែករំលែក៖

លោក John Ternus នឹងដឹកនាំសន្និសីទបង្ហាញលទ្ធផលហិរញ្ញវត្ថុលើកដំបូងរបស់ក្រុមហ៊ុន Apple ក្នុងនាមជានាយកប្រតិបត្តិនៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគកំពុងតាមដានការព្យាករណ៍អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីវាយតម្លៃថា តើការដាក់ចេញផលិតផលថ្មីៗជាបន្តបន្ទាប់ អាចជួយទប់ទល់នឹងការកើនឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំបានដែរឬទេ។

 

លោក Ternus បានចូលកាន់តំណែងជំនួសលោក Tim Cook កាលពីខែកញ្ញា។ ក្នុងអំឡុងពេលនេះ លោកបានដឹកនាំការដាក់ចេញផលិតផលថ្មីៗរបស់ Apple រួមមាន ទូរស័ព្ទបត់ដំបូងរបស់ក្រុមហ៊ុន ឧបករណ៍គ្រប់គ្រងផ្ទះឆ្លាតវៃ និងកុំព្យូទ័រយួរដៃដែលមានអេក្រង់ប៉ះជាលើកដំបូងរបស់ Apple។

 

ផលិតផលទាំងអស់នេះបានចាប់ផ្តើមចែកចាយក្នុងត្រីមាសទី១ នៃឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ក្រុមហ៊ុន ស្របពេលដែល Apple កំពុងប្រឈមនឹងការកើនឡើងនៃថ្លៃបន្ទះឈីបអង្គចងចាំ ដែលលោក Cook ធ្លាប់ពិពណ៌នាថាជា «ទឹកជំនន់ដ៏ធំមួយក្នុងរយៈពេល ១០០ ឆ្នាំ»។

 

អ្នកវិនិយោគនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗចំនួន ៣ របស់ Apple រួមមាន៖ ការព្យាករណ៍លទ្ធផលអាជីវកម្មសម្រាប់ត្រីមាសរដូវកាលឈប់សម្រាកចុងឆ្នាំ ការលើកឡើងរបស់លោក Ternus អំពីបច្ចេកវិទ្យា AI និង Siri ជំនាន់ថ្មី ព្រមទាំងការកើនឡើងនៃថ្លៃបន្ទះឈីបអង្គចងចាំ ដែលអ្នកវិភាគរំពឹងថា នឹងធ្វើឱ្យកំណើនប្រាក់ចំណេញប្រចាំត្រីមាសធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦ ត្រីមាស។

 

យុទ្ធសាស្ត្រ AI និងអនាគតរបស់ Siri

 

Apple កំពុងព្យាយាមកំណត់ទីតាំងផលិតផល AI របស់ខ្លួនឱ្យមានភាពខុសប្លែកពីគូប្រកួត ដូចជា Muse Agent របស់ក្រុមហ៊ុន Meta Platforms ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានឡើងដល់ចំណាត់ថ្នាក់កំពូលក្នុង App Store នាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

 

ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត ដូចជា OpenAI ដែលកំពុងប្រឈមនឹងបណ្តឹងពី Apple ជុំវិញការចោទប្រកាន់ពីបទលួចយកអាថ៌កំបាំងពាណិជ្ជកម្ម ក៏កំពុងអភិវឌ្ឍឧបករណ៍ថ្មីៗដែលមានគោលដៅជំនួស iPhone ក្នុងនាមជាឧបករណ៍សំខាន់បំផុតក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។

 

របៀបដែល Apple ទទួលយក និងអភិវឌ្ឍបច្ចេកវិទ្យា AI នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអនាគតនៃអាជីវកម្មសេវាកម្មរបស់ក្រុមហ៊ុន។ កំណើនអាជីវកម្មផ្នែកនេះកំពុងចាប់ផ្តើមថយចុះ ដែលបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភ បន្ទាប់ពីធ្លាប់មានកំណើនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនឆ្នាំ។

 

លោក Dan Morgan អ្នកគ្រប់គ្រងមូលនិធិវិនិយោគនៅក្រុមហ៊ុន Synovus Trust ដែលកាន់កាប់ភាគហ៊ុន Apple បានមានប្រសាសន៍ថា៖

 

«ការច្នៃប្រឌិតថ្មីៗលើ AI Agent កំពុងរីកចម្រើនលឿនជាងបទពិសោធន៍របស់យើងជាមួយ Siri AI យ៉ាងខ្លាំង។ ប៉ុន្តែ Apple បានទទួលស្គាល់ថា Siri AI របស់ខ្លួនផ្តោតខ្លាំងជាងលើការកសាងទំនុកចិត្ត និងការការពារឯកជនភាព»។

 

Apple កំពុងផ្សព្វផ្សាយប្រព័ន្ធ AI របស់ខ្លួនក្នុងគោលដៅបម្រើ «អ្នកប្រើប្រាស់ទូទៅ» ជាជាងអ្នកជំនាញផ្នែកបច្ចេកវិទ្យានៅតំបន់ Silicon Valley ដែលជាអ្នកប្រើប្រាស់សំខាន់នៃម៉ូដែល AI ទំនើបៗពីក្រុមហ៊ុនដូចជា OpenAI។

 

លោក Morgan បានបន្ថែមថា អ្នកវិនិយោគចង់ដឹងថា តើ Apple អាចរកប្រាក់ចំណេញពីការចែកចាយ AI Agent របស់ក្រុមហ៊ុនភាគីទីបីតាមរយៈ App Store និងទទួលចំណែកចំណូលពីអាជីវកម្មដែលបង្កើតឡើងដោយឧបករណ៍ទាំងនោះបានដែរឬទេ។

 

ភាគហ៊ុន Apple មានលទ្ធផលល្អជាងគូប្រកួត

 

រហូតមកដល់ពេលនេះ ការសម្រេចចិត្តរបស់ Apple ក្នុងការមិនចូលរួមយ៉ាងសកម្មក្នុងការប្រកួតប្រជែងចំណាយប្រាក់ដ៏ច្រើនលើ AI បានក្លាយជាកត្តាដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន។

 

តម្លៃភាគហ៊ុនរបស់ Apple បានកើនឡើងប្រហែល ២៧% ក្នុងឆ្នាំនេះ ដោយមានលទ្ធផលល្អជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Alphabet, Meta និង Amazon។ និន្នាការនេះកើតឡើងនៅពេលអ្នកវិនិយោគកំពុងស្វែងរកទីជម្រកវិនិយោគពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការចំណាយដ៏ខ្ពស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ AI។

 

យោងតាមទិន្នន័យរបស់ LSEG អ្នកវិភាគរំពឹងថា Apple នឹងរាយការណ៍ពីកំណើនប្រាក់ចំណូលជិត ១១% ដល់ ១១៣,៣៩ ពាន់លានដុល្លារ សម្រាប់រយៈពេលពីខែកក្កដាដល់ខែកញ្ញា ដែលជាត្រីមាសទី៤ នៃឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញសុទ្ធត្រូវបានរំពឹងថានឹងកើនឡើងប្រហែល ៦% ដល់ ២៩,០៤ ពាន់លានដុល្លារ។

 

អាជីវកម្មសេវាកម្មរបស់ Apple ត្រូវបានរំពឹងថានឹងកើនឡើងជិត ១០% ដល់ ៣១,៥៦ ពាន់លានដុល្លារ ដែលជាអត្រាកំណើនទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ។

 

ចំណែកឯការលក់ iPhone ត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ១៥% ដល់ ៥៦,៥៤ ពាន់លានដុល្លារ ដែលជាការថយចុះពីអត្រាកំណើនប្រហែល ២២% ក្នុងរយៈពេល ៣ ខែមុន។

...

 

លទ្ធផលហិរញ្ញវត្ថុនេះនឹងរាប់បញ្ចូលការលក់ iPhone 18 Pro ស៊េរីថ្មីត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ។ ចំណែក iPhone Duo ដែលជាទូរស័ព្ទបត់ដំបូងរបស់ក្រុមហ៊ុន បានចាប់ផ្តើមដាក់លក់នៅថ្ងៃទី២៣ ខែតុលា ហើយត្រូវបានរំពឹងថានឹងជួយជំរុញលទ្ធផលអាជីវកម្មក្នុងត្រីមាសរដូវកាលឈប់សម្រាកចុងឆ្នាំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print