លោក លី ធុជ៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល និងក៏ មិនព្រងើយ កន្តើយចំពោះការគំរាមកំហែងថ្មីដែរ 

ចែករំលែក៖

ភ្នំពេញ៖ តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល និងក៏ មិនព្រងើយ កន្តើយចំពោះការគំរាមកំហែងថ្មីដែរ ។ លោក បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» នៅសណ្ឋាគារ Oakwood Premier Phnom Penh នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក លី ធុជ ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាដោះ ស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ ដោយមិនទុកបញ្ហាណាមួយចោលឡើយ។ ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ។ កម្ពុជាកំពុងប្រឈមនឹងបន្ទុកពីរលើដែនដីតែមួយ គឺយុទ្ធភណ្ឌគ្រឿង ផ្ទុះចាស់ដែលមិនទាន់បានបោសសម្អាត និងផល ប៉ះពាល់ថ្មីពីជម្លោះប្រដាប់អាវុធ។ ដូច្នេះ ការគាំទ្រត្រូវបន្តផ្តោតលើបញ្ហាទាំងពីរក្នុងពេលតែមួយ។

លោក ក៏បានដាក់ចេញនូវសំណើអាទិភាពចំនួន៣ ដល់ដៃគូពាក់ព័ន្ធ រួមមាន៖ ១. ពង្រឹងការអង្កេត និងវាយតម្លៃផលប៉ះពាល់ថ្មី ដើម្បីកំណត់ទំហំ និងទីតាំងរងផលប៉ះពាល់ឱ្យបានច្បាស់ ព្រមទាំងបង្កើនការអប់រំកាត់បន្ថយហានិភ័យនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ២. បន្តគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់ ជាតិ ផ្ទុះពីសង្គ្រាមអតីតកាល ដែលនៅសេសសល់ប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡា។ ៣. ពង្រីកប្រភពធនធាន និងការចូលរួមពីវិស័យឯកជនក្នុងស្រុក ដើម្បីពង្រឹងភាពជាម្ចាស់ និងនិរន្តរភាពនៃសកម្មភាពមីន ព្រោះដីដែលបានរំដោះ គឺជាដីមានសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ និងការវិនិយោគ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហការជាមួយអាជ្ញា ធរមីន តាមរយៈការប្រែក្លាយអនុស្សរណៈនៃការយោគ យល់ដែលបានចុះហត្ថលេខារួច ទៅជាសកម្មភាពជាក់ស្តែង ដោយរៀបចំសិក្ខាសាលាបច្ចេកទេសរួម ដើម្បីកំណត់អាទិភាព និងផែនការសហការ។ កិច្ចសហការនេះក៏នឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងអាទិភាពតំបន់ការពារធម្ម ជាតិដែលរងផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសតំបន់ដែលបង្កហានិភ័យដល់មន្ត្រីអភិរក្ស សហគមន៍មូលដ្ឋាន និងការងារការពារបរិស្ថាន។

លោក ក៏បានជំរុញឱ្យប្រតិបត្តិករសកម្មភាពមីនទាំង អស់បញ្ចូលវិធានការការពារបរិស្ថានក្នុងដំណើរការស្រាវ ជ្រាវ និងបោសសម្អាត ស្របតាមស្តង់ដារជាតិ និងបទប្ប ញ្ញត្តិបរិស្ថានជាធរមាន ដើម្បីធានាថា សកម្មភាពមីនមិនត្រឹមតែការពារអាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងដីធ្លីប្រកប ដោយចីរភាព។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានលើកឡើង អំពីបញ្ហាប្រ ឈមទាំងចាស់ និងថ្មី ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពបច្ចេកទេស ការអង្កេតវាយតម្លៃ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់តំបន់រងផលប៉ះពាល់ ធានាសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print