សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ទាហានកូរ៉េខាងត្បូងម្នាក់ បានស្លាប់ដោយមានរងរបួសខាងក្រៅរាងកាយ នៅឯអង្គភាពយោធាជួរមុខមួយ ក្នុងទីក្រុង Cheorwon ក្បែរព្រំប្រទល់កូរ៉េខាងជើង នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងបានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតទាំងយោធានិងស៊ីវិល កំពុងពិនិត្យមើលមូលហេតុ និងកាលៈទេសៈជាក់លាក់ ជុំវិញការស្លាប់របស់ពលទាហានខាងលើ។ ភ្លាមៗ វាមិនទាន់ច្បាស់នៅឡើយទេថា ការស្លាប់របស់កងទ័ពកូរ៉េខាងត្បូងម្នាក់នេះ មានជាប់ពាក់ព័ន្ធទៅនឹងភាពតានតឹងដែលកំពុងកើនឡើង នៅតាមព្រំដែនឬយ៉ាងណានោះទេ។
ករណីខាងលើនេះកើតឡើង ចំពេលមួយដែលភាពតានតឹងតាមព្រំប្រទល់រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងកើនឡើងខ្លាំង ចាប់តាំងតែពីទាហានកូរ៉េខាងត្បូង ៣នាក់ បានរងរបួសដោយសារការផ្ទុះមីន នៅចំណុចភាគខាងត្បូងនៃខ្សែព្រំដែអន្តរកូរ៉េ កាលពីថ្ងៃទី២១ ខែកញ្ញា។ យោធាកូរ៉េខាងត្បូង បាននិយាយថា មីនដែលបង្កឱ្យមានការផ្ទុះកាលពីខែកញ្ញា ត្រូវបានដាក់ពង្រាយដោយកូរ៉េខាងជើង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងការការពារតាមព្រំដែន ចាប់តាំងពីឆ្នាំ២០២៤ មក។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នោះ៕

រូបថត: Reuters









