ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ 2026 នេះថា ករណីចោរកម្មលួចកាត់ខ្សែភ្លើងដោយប្រើកាំបិតកែច្នៃមួយករណីបានកើតឡើងនៅថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤ៈ៣០នាទី នៅចំណុចអគាររោងចក្រសួនឧស្សាហកម្ម ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១នាក់ បានចូលក្នុងរោងចក្រខាងលើកំពុងបន្លំខ្លួនធ្វើជាជាងចូលក្នុងអគារស្នាក់នៅកាត់ខ្សែភ្លើង
ខណៈពេលកំពុងធ្វើសកម្មភាពកាត់ត្រូវបានជាងមកទាន់ ហើយជនសង្ស័យបានរត់ចេញមកក្រៅតែត្រូវឈ្មោះ ហៀក សុខហៀប ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកបកប្រែចិន) រស់នៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ជូនមកសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងសុំអោយចាត់ការតាមផ្លូវច្បាប់។
ជួនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លេង សារិន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១-ម៉ូតូ១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-4590
២- ទូរស័ព្ទ១គ្រឿង ពណ៌ខៀវ ម៉ាក Oppo
៣- កាំបិតកែច្នៃ ១ដើម
៤- ខ្សែភ្លើងចំនួន១៤ម៉ែត្រ
៥- កន្រ្តៃកាត់ខ្សែភ្លើង២ដើម។
បច្ចុប្បន្នជួនសង្ស័យត្រូវបានយកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










