កម្ពុជា-ចិន ត្រៀមចុះ MoU លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងសៀមរាបឡើងវិញ

ចែករំលែក៖

ខេត្តគ័នស៊ូ, ប្រទេសចិន៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាជាគោលការណ៍ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម រួមទាំងការប្តេជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួងទេសចរណ៍​។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Wu Xiaojun លេខាធិការបក្សខេត្តគ័នស៊ូ នាឱកាសដែលគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា អញ្ជើញទៅចូលរួមព្រឹត្តិការណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ខេត្តគ័នស៊ូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបដ៏មានផ្លែផ្កានេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រីកវិសាលភាពទេសចរណ៍រវាងកម្ពុជា និងខេត្តគ័នស៊ូ ដោយនឹងស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដើម្បីឈានទៅចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងពេលឆាប់ៗខាងមុខ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពសហការរួមគ្នា ដើម្បីជំរុញឱ្យមានការបើកជើងហោះហើរត្រង់ឡើងវិញរវាងខេត្តគ័នស៊ូ និងខេត្តសៀមរាប ដែលជាយន្តការដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចររវាងគ្នាទៅវិញទៅមកឱ្យមានកំណើន។

...

នាឱកាសនោះ លោក​រដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីខេត្តគ័នស៊ូ ដែលតែងតែផ្តល់ការគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាវិស័យទេសចរណ៍ជាមួយកម្ពុជា។ សកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» ដែលជាទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print