ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ស្នើឱ្យអាជ្ញាធរចាត់វិធាន ការ ចំពោះសិប្បកម្មធ្វើថ្មម៉ាប ធ្វើឱ្យហុយនិងមានសម្លេងរំខាន ពិបាកការរស់នៅពិសេសគឺប៉ះពាល់ដល់សុខភាព 

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ បានស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងនោះមានទាំងការស្នើសុំឱ្យមានវិធានការចំពោះសិប្បកម្មធ្វើថ្មម៉ាប ដែលធ្វើឱ្យហុយនិងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។

សំណើររបស់ប្រជាពលរដ្ឋបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក អ៊ីម រ៉នហាស្សាន់ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានលើកឡើងថា៖ ផ្ទះរបស់ពួកគាត់ស្ថិតនៅក្បែរគ្នានិងសិប្បកម្មធ្វើថ្មម៉ាប ហើយសិប្បកម្មនេះបានធ្វើឱ្យហ៊ុយនិងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។ ដូច្នេះពួកគាត់ស្នើសុំឱ្យអាជ្ញាធរមានវិធានការចំពោះសិប្បកម្មនេះ ដោយពួកគាត់បានស្នើសុំម្តងហើយក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់បែបនេះដែរ កាលពីឆ្នាំ២០២៤ ប៉ុន្តែសិប្បកម្មនោះមិនបានអនុវត្តបានពេញលេញឡើយ ពោលគឺនៅតែហុយនិងរំខានរាល់ថ្ងៃ។ ក្រៅពីសំណើរខាងលើនេះក៏មានពលរដ្ឋមួយចំនួនទៀតបានលើកជាសំណើរនិងសំណូមពរឱ្យជួយកសាងផ្លូវបេតុង១ខ្សែ លូ តភ្លើងបំភ្លឺសាធារណៈនិងការយកថ្លៃសំរាមខ្ពស់មិនអាចទទួលយកបានផងដែរ។

ជុំវិញការស្នើឡើងដោយផ្ទាល់មាត់ពីសំណាក់ពលរដ្ឋនេះត្រូវបានដោះស្រាយភ្លាមៗនៅក្នុងវេទិកានេះ ដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា ចំពោះស្នើសុំខាងលើអាជ្ញាធរខណ្ឌនិងចុះពិនិត្យដោះស្រាយជូនភ្លាមៗ។

លោក អ៊ីម រ៉នហាស្សាន់ បានបញ្ជគ់ថា៖ វេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ចំនួន៣នាក់និងសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន៣២ច្បាប់ ។ចំពោះសំណើរដោយផ្ទាល់មាត់យើងបានដោះស្រាយភ្លាមៗ។ចំណែកសំណើរជាលាយលក្ខណ៍អក្សរវិញ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយជូននៅពេលក្រោយ។

លោក ជួប ខុន បានលើកឡើងថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព),ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។

លោក ជួប ខុន បានបន្តថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់ បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះ ស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួក គាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print