ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញនិងដាក់បញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក
អូររាំង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បំបែកករណីលួចកាត់ខ្សែភ្លើង ដោយឃាត់ខ្លួនជនជាតិវៀតណាមម្នាក់និងបក្ខពួក៥នាក់ទៀត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផែស្ងួត (តំបន់Aអតីតអគារអនឡាញ) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សេចក្ដីរាយការណ៍បានឱ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានខ្សែភ្លើងចំនួន៤ដុំ (ទម្ងន់សរុប ៩២ គីឡូក្រាម)។ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ (ឡើងស៊េរីឆ្នាំ២០២២) ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ១គ្រឿង, មួកសុវត្ថិភាព ចំនួន ៣ និងកាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន ១។ឧបករណ៍ធ្វើសកម្មភាព៖កន្ត្រៃកាត់ដែក (មុខកាត់៦សង់ទីម៉ែត្រ ប្រវែង ៤៥ សង់ទីម៉ែត្រ) ចំនួន ១, កាំបិតចិតបន្លែដងឈើ(មុខកាត់ ២៦សង់ទីម៉ែត្រ ដងឈើ ២១សង់ទីម៉ែត្រ) ចំនួន ១, ខ្នោះដៃ ចំនួន ១, ម៉ាស៊ីនផ្លុំសក់ ចំនួន ១ និងខ្សែសាកទូរសព្ទមួយចំនួន។ វត្ថុតាងពាក់ព័ន្ធផ្សេងទៀតមានទូរស័ព្ទដៃចំនួន ៦គ្រឿង និងទូរស័ព្ទខូចចំនួន ២គ្រឿង (រកឃើញក្នុងកាបូបស្ពាយ)។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










