ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធា ទៅសាលាហ្វឹកហ្វឺនកងទ័ព ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រី មេបញ្ជាការរង កងរាជអាវុធហត្ថ នាយសេនាធិការរង ប្រធាន-អនុមន្ទីរ នាយ នាយរងការិយាល័យ ចំណុះមន្ទីរ នាយការិយាល័យហិរញ្ញវត្ថុ នាយលេខាធិការដ្ឋាន នាយការិយាល័យអធិការកិច្ច ប្រធានអង្គភាពជំនាញ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៨ ផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក ប៉េង ពោធិ៍សា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងការលះបង់ដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដើម្បីបំពេញកាតព្វកិច្ចការពារជាតិ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានលើកទឹកចិត្ត និងអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រទេសជាតិ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ នៅពេលទៅដល់សាលាហ្វឹកហ្វឺន ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងយុទ្ធវិធីនានាពីគ្រូបង្វឹក គោរពវិន័យកងទ័ពឱ្យបានម៉ឺងម៉ាត់ ចេះសាមគ្គីភាពគ្នាជាធ្លុងមួយ និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីក្លាយជាកម្លាំងស្នូលដ៏រឹងមាំក្នុងការបម្រើជាតិមាតុភូមិ។
មុននឹងបញ្ចប់ លោក ប៉េង ពោធិ៍សា និងគណៈអធិបតី ក៏បានជូនពរដល់ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺននាពេលនេះ សូមទទួលបាននូវសុខសុវត្ថិភាពតាមផ្លូវ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ សុថាន










