Harry Kane ក្លាយជាកីឡាករទទួលប្រាក់ឈ្នួលខ្ពស់បំផុតនៅអឺរ៉ុប ក្រោយបន្តកិច្ចសន្យាថ្មីជាមួយ Bayern Munich

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាម្ចាស់ពាន Ballon d’Or កីឡាករ Harry Kane បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ២០២៩ ប៉ុន្មានថ្ងៃបន្ទាប់ពីឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំពិភពលោក។

ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងរយៈពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដែលលោកបានចុះហត្ថលេខាក្រោយផ្ទេរពី Tottenham ក្នុងតម្លៃ ៨៦ លានផោន កាលពីឆ្នាំ២០២៣។

កាលពីរដូវកាលមុន Kane បានស៊ុតបញ្ចូលទីរហូតដល់ ៦១ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥១ ប្រកួត ដែលជាកំណត់ត្រាថ្មីរបស់ក្លឹប និងបានជួយ Bayern Munich ឈ្នះពានលីគ និងពានក្នុងស្រុកពីរ។

Kane បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា Bayern Munich គឺជាផ្ទះរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ក្លឹប អ្នកគាំទ្រ និងទីក្រុង Munich»។

លោកបន្តថា៖ «យើងមានក្រុមដ៏អស្ចារ្យមួយ ហើយលោក Vincent Kompany ក៏ជាអ្នកចាត់ការដ៏អស្ចារ្យផងដែរ។ ខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃក្លឹបនេះ។

គ្រួសាររបស់ខ្ញុំទាំងមូលមានសុភមង្គលខ្លាំងនៅទីនេះ។ ខ្ញុំមានបំណងចង់បន្តនៅជាមួយក្លឹប ហើយឥឡូវនេះ ខ្ញុំកំពុងទន្ទឹងរង់ចាំអនាគត និងចង់ឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយក្លឹបដ៏អស្ចារ្យនេះ»។

ក្នុងរដូវកាល ២០២៥-២៦ Kane រកបាន ៧៣ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៦៥ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និង Bayern Munich។ កាលពីខែមុន លោកក៏ត្រូវបានប្រកាសជាម្ចាស់ពាន Ballon d’Or ក្នុងនាមជាកីឡាករបាល់ទាត់បុរសឆ្នើមបំផុតលើពិភពលោកផងដែរ។

ក្នុងការប្រកួត Bundesliga ចំនួន ១០២ លើក Kane រកបាន ១០២ គ្រាប់ និងបានឈ្នះពានស្បែកជើងមាស (Golden Boot) ៣ រដូវកាលជាប់ៗគ្នា ព្រមទាំងពានលីគចំនួន ២ លើក។

នៅពេលផ្លាស់ទៅប្រទេសអាល្លឺម៉ង់ Kane ធ្លាប់បានបញ្ជាក់ថា លោកចង់ «បង្ហាញសមត្ថភាពរបស់ខ្លួននៅកម្រិតខ្ពស់បំផុត»។

ទោះបីជាមុនពេលនោះ លោកមិនធ្លាប់ឈ្នះពានរង្វាន់ធំជាមួយក្លឹប ឬក្រុមជម្រើសជាតិក៏ដោយ បច្ចុប្បន្ន Kane បានឈ្នះពានរង្វាន់ធំចំនួន ៥ ជាមួយ Bayern Munich ព្រមទាំងទទួលបានពានបុគ្គលជាច្រើន រួមទាំងពានកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga ឆ្នាំ២០២៤-២៥។

Kane ក៏បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលឈ្នះពាន Ballon d’Or ចាប់តាំងពីឆ្នាំ១៩៩៦ មក។

សម្រាប់រដូវកាលនេះ លោកបានស៊ុតបញ្ចូលទី ១២ គ្រាប់ឱ្យ Bayern Munich ដែលធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់លោកកើនដល់ ១៥៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១ ប្រកួត។

Kane គឺជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអង់គ្លេសផ្នែកបុរស។ កាលពីខែកញ្ញា លោកក៏បានតាមស្មើកំណត់ត្រារបស់ Peter Shilton ដោយបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន ១២៥ ប្រកួត។

នៅក្នុងព្រឹត្តិការណ៍ FIFA World Cup រដូវក្តៅកន្លងទៅ Kane រកបាន ៦ គ្រាប់ ដែលធ្វើឱ្យលោកក្លាយជាកីឡាករអង់គ្លេសរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះ ដោយមាន ១៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨ ប្រកួត។

Kane ត្រូវបានគេរាយការណ៍ថា នឹងទទួលបានប្រាក់ឈ្នួលដ៏មហាសាលចំនួន ២០.៨៥៨.០០០ ផោនក្នុងមួយឆ្នាំ តាមកិច្ចសន្យាថ្មី ដែលស្មើនឹងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ប្រមាណ ៤០១.១១៥ ផោន។

ប្រាក់ឈ្នួលដែល Kane ទទួលបាន ដោយមិនរាប់បញ្ចូលប្រាក់រង្វាន់ គឺខ្ពស់ជាងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ Manchester City។

កីឡាករជម្រើសជាតិន័រវេសរូបនេះ ទទួលបានប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៥២៥.០០០ ផោនក្នុងមួយសប្ដាហ៍ ដោយរួមបញ្ចូលទាំងប្រាក់រង្វាន់ សម្រាប់ការបំពេញតួនាទីរបស់ខ្លួន។

ចំណែក Kylian Mbappe ក៏ទទួលបានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នាផងដែរ ដោយក្លឹប Real Madrid ផ្ដល់ឱ្យរូបគេ ៥១៨.០០០ ផោនក្នុងមួយសប្ដាហ៍ រួមទាំងប្រាក់រង្វាន់។

...

ការប្រកួតដំបូងរបស់ Kane ក្រោមកិច្ចសន្យាថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ដោយ Bayern Munich ត្រូវធ្វើដំណើរទៅកាន់តំបន់ Rhine ដើម្បីប្រកួតជាមួយក្រុម Mainz៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print