ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកដទៃ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ រាល់សកម្មភាពល្មើសនឹងត្រូវបានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់។
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ០២នាក់ និងដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចភូមិកប្តៀក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជាវិធានការរដ្ឋបាល ម៉ូតូចំនួន ០១គ្រឿង ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។
កងរាជអាវុធហត្ថសូមអំពាវនាវដល់យុវជនទាំងអស់ សូមចៀសវាងរាល់សកម្មភាពទំនើង ព្រោះមិនត្រឹមតែប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកដទៃ និងបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គមផងដែរ។ សូមចូលរួមគោរពច្បាប់ និងកសាងសង្គមឱ្យមានសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕
ដោយ ៖ សិលា










