ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃម្នាក់ បានជាន់គ្រាប់មីនផ្ទុះដាច់ជើងម្ខាង ខណៈគាត់ដើរចូលព្រៃដើម្បីបេះផ្កាលក់នៅផ្សារស្រុកថៃ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រក(ច១)ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ឌិន សុភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ជនរងរបួសបានដាច់ប្រអប់ជើងខាងស្តាំ ត្រូវបានក្រុមគ្រួសារសាច់ញាតិ និងសម្របសម្រួលពីសំណាក់សមត្តកិច្ច បញ្ជូនទៅសង្រ្គោះព្យាបាលនៅប្រទេសថៃ ។
ប្រភពដដែលបន្តទៀតថា មូលហេតុការណ៍ដែលជនរងរបួសជាន់គ្រាប់មីនផ្ទុះ បណ្ដាលឲ្យដាច់ប្រអប់ជើងម្ខាងយ៉ាងអាណោចអាធ័មខាងលើនេះ ខណៈជនរងគ្រោះដើរចូលព្រៃដើម្បីបេះផ្កាអកគីដេលក់ ព្រោះផ្កានេះនៅប្រទេសថៃមានតំលៃខ្លាំងណាស់ ហើយប្រជាពលរដ្ឋខែ្មរក្នុង១ឆ្នាំទៅ១ឆ្នាំរងគ្រោះឥតស្រាកស្រាននោះដែរ នៅពេលទំនេពីការងារផ្សេងៗឈ្លាតទៅដើរបេះផ្កានេះលក់ ដើម្បីជួយផ្គត់ផ្គងជីវភាពគ្រួសារបានមួយកម្រិតដែរនោះ ៕
ដោយ៖ ប៉ឹម ពិន