ខេត្តប៉ៃលិន៖ យុវជនម្នាក់ត្រូវគេសង្ស័យបានតូចចិត្តជាមួយនឹងពាក្យស្តីប្រដៅ ពីសំណាក់បងស្រីរបស់ខ្លួនបន្ទាប់ពីករណីដែលរូបគេបានជិះម៉ូតូដួល ទើបធ្វើឲ្យឈានដល់ការឈឺចិត្ត ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាប់ប្រាប់ថា យុវជនរងគ្រោះឈ្មោះ អ៊ុំ វណ្ណេត ហៅខុង អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះ និងបងស្រីរបស់គេ ឈ្មោះ អ៊ុំ វណ្ណនី អាយុ១៩ឆ្នាំ ទាំងពីរនាក់បងប្អូនបាននិងកំពុងរស់នៅស្ថិតក្រោមការឃុំគ្រងរបស់អ៊ុំស្រីរបស់ពួកគេ ដោយសារឪពុកម្តាយពួកគេបានចែកឋានទៅបរលោកអស់ហើយ ។
អ៊ុំ វណ្ណនី បានប្រាប់សមត្ថកិច្ចថា នៅពេលមុនកើតហេតុ នៅពេលថ្ងៃភ្ជុំបិណ្ឌធំ ប្អូនប្រុសរបស់ខ្លួន បានជិះម៉ូតូដួល ហើយនាងបានប្រាប់ថា ថ្ងៃក្រោយកុំធ្វើដូច្នេះ ត្រូវជិះម៉ូតូឲ្យប្រុងប្រយ័ត្ន កុំមានដួចនេះទៀត ដោយមូលហេតុនេះហើយ ទើបគេសង្ស័យថា អាចធ្វើឲ្យរូបគេតូចចិត្ត ។ ជាមួយគ្នានេះដែរ អ្នកជិតខាង បានបញ្ជាក់ថា ជនរងគ្រោះអាចមានកម្រោលចូល ពីព្រោះនៅមុនដួលម៉ូតូ គេ(ជនរងគ្រោះ) បានប្រាប់គេឯងថា ចង់លែងរស់ហើយ់ ភ្ជំបិណ្ឌរួចទិញក្តារម្ជូសទុក ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែផឹក ផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ក្រោយការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យសពរួច ប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត