ភ្នំពេញ÷ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ជាបន្ទាន់ ក្រោយទទួលបានព័ត៌មានពីអ្នកសារព័ត៌មានដែលបានបញ្ជូនចូលក្នុងគ្រុបតេឡេក្រាមសង្កាត់ដង្កោ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍អំពីទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង។
ទីតាំងដែលរងការសង្ស័យ និងបានចុះត្រួតពិនិត្យនោះ គឺស្ថិតនៅភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ហៅបឹងតាម៉ាត)។ នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផ្ទាល់ ម្ចាស់ទីតាំង ក៏ដូចជាអ្នកកាន់ម៉ាស៊ីនឆ្នោតឡូតូ បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់មុនពេលកម្លាំងសមត្ថកិច្ចទៅដល់។
ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង និងសម្ភារៈមួយចំនួននៅនឹងកន្លែងកើតហេតុ រួមមាន៖
១. កៅអីជ័រចំនួន ០៥
២. កៅអីដែក ០១
៣. តុដែក ០១
៤. កុំព្យូទ័រសម្រាប់បញ្ជាឆ្នោតឡូតូចំនួន ០១គ្រឿង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ កំពុងបន្តកសាងសំណុំរឿងដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងស្វែងរកជនពាក់ព័ន្ធមកផ្តន្ទាទោស។
កិច្ចអន្តរាគមន៍ទាន់ពេលវេលានេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ច អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកបង្ការ ទប់ស្កាត់ និងលុបបំបាត់អំពើអបាយមុខក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ៖ សុរិយា










