តាមលទ្ធផលស្តងមតិនាពេលកន្លងមកបង្ហាញឲ្យឃើញថា ក្នុងរយៈពេលកាន់តំណែងប្រធានាធិបតី៩០ថ្ងៃរបស់លោករ៉ូទ្រិហ្គោឌូទឺទេ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ។
តាមលទ្ធផលស្តងមតិរបស់អង្គការ Social Weather Stations (SWS) បង្ហាញឲ្យឃើញថា មានពលរដ្ឋប្រមាណតែ១១ភាគរយប៉ុណ្ណោះមិនពេញចិត្តទៅនឹងសកម្មភាពដឹកនាំរបស់លោកឌូទឺទេក្នុងរយៈពេល៣ខែកន្លងមក។ ចំណែកពលរដ្ឋពេញចិត្តលោកមាន៦៤ភាគរយ ជួយឲ្យលោកដំណើរការចាប់ផ្តើមដំបូងបានយ៉ាងល្អប្រសើជាងប្រធានាធបិតីមុនៗ ។ ប៉ុន្តែលោកឌូទឺទេនៅតែមិនអាចទទួលបានការពេញចិត្តច្រើនដូចអតីតប្រធានាធិបតី Fidel Romos កាលពីឆ្នាំ១៩៩២ ដែលមានពលរដ្ឋគាំទ្រខ្ពស់បំផុត ក្នុងរយៈពេល៣ខែកាន់អំណាចដំបូង។
ការស្ទងមតិខាងលើធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែសីហា ក្រោយប្រធានាធិបតី ឌូទឺទេ ប្រកាសប្រឆាំងទៅនឹងសម្តីថ្កោលទោសរបស់លោកអូបាម៉ា ទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានគម្រាមកំហែងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ហើយបង្កើតសម្ព័ន្ធមិត្តជាមួយចិននិងរុស្ស៊ីវិញនៅពេលបញ្ចប់ណាមួយ។
សារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ឌូទ័រតេ ក្នុងសុន្ទរកថា នៅសហគមន៍ជ្វីហ្វ ក្នុងទីក្រុង ម៉ាកាទីថា «ខ្ញុំនឹងកំណត់រចនាសម្ព័ន្ធឡើងវិញនៃគោលនយោបាយការបរទេសរបស់ខ្ញុំ»។
លោកបន្ថែមថា «នៅពេលបញ្ចប់ណាមួយ ខ្ញុំនឹងកាត់ផ្តាច់ចេញពីអាម៉េរិក ខ្ញុំនឹងគួរតែទៅជាមួយរុស្ស៊ី ឬចិនវិញប្រសើរជាង»។
សូមជម្រាបផងដែរថា ប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេ កាលពីចុងសប្តាហ៍មុន ក៏បានលើកឡើងថា លោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាម៉េរិក ក្នុងនោះគឺមានកិច្ចព្រមព្រៀងសហប្រតិបត្តិការធ្វើឲ្យប្រសើរឡើងវិស័យការពារជាតិ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី