ខេត្តមណ្ឌលគិរី÷ អនុវត្តអនុសាសន៍ដឹកនាំពីនាយឧត្តម សេនីយ៍ អគ្គស្នងការនគរបាលជាតិនិងមានការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីនិងមានការចូលរួមពីអាជ្ញាធរក្នុងមូលដ្ឋានលោកប៊ុត សំអ៊ែល មេឃុំស្រែខ្ទុមស្រុកកែវសីមា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះបានសហការចុះបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅត្រង់ចំណុចអូរប៉ាម នៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានពន្លាតដែនដីដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បន្តស្រាវជ្រាវនិងឃាត់ ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ដែន ខួច ស្ថិតនៅក្នុងភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងជនសង្ស័យខាង លើកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលើជនសង្ស័យ ១៥នាក់ខាងលើជាលទ្ធផលវិជ្ជមាន(+) ។
សម្ភារៈនិងវត្ថុតាងនិងមធ្យោបាយដែលសមត្ថកិច្ចចាប់យកក្នុងការប្រព្រឹត្តបទល្មើសរួមមានដូចខាងក្រោម ÷
១.ក្រាមពណ៌សថ្លា (មេតំហ្វេតាមីន)សរុបចំនួន ៦កញ្ចប់(៤កញ្ចប់ធំល្មម១កញ្ជប់ ធំ១កញ្ជប់តូច)ទម្ងន់៤០.២០ ក្រាម ។
២.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយ ចំនួន ។៣.ជញ្ជីងអេឡិចត្រូនិច ចំនួន ១ គ្រឿង។
៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ៥.ដាវ ចំនួន១។
៦.ទូរស័ព្ទដៃ ចំនួន ១៣ គ្រឿង។
៧.ម៉ូតូចំនួន ១០ គ្រឿង ។
៨.លោហធាតុពណ៌ប្រាក់ ចំនួន១ វង់។
៩.វីក័យប័ត្រវីង ចំនួន ១សន្លឹក ។
១០.គ្រាប់កាំភ្លើង ចំនួន ៦គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង ១៥នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










