ខេត្តកំពត៖ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌សហការណ៍ជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ត្រី សៅ វាសនា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស(ស្តីទី)ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ សៀន សឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នងស្រុកទឹកឈូ ខេត្ដកំពត ។
វត្ថុតាងចាប់យករួមមាន៖- គ្រឿងញៀនចំនួន០៣កញ្ចប់តូច(បីកញ្ចប់តូច)ទម្ងន់៥,៤០ក្រាមថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០១គ្រឿងនិង- ទូរស័ព្ទចំនួន០១គ្រឿង។
ក្រោយពេលស្ដាប់ចម្លើយជនសង្ស័យខាងលើនៅវេលាម៉ោង១៤:១៥នាទីកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជនសង្ស័យម្នាក់ទៀតឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត(រត់គេចខ្លួនបាត់)។ ក្រោយពីធ្វើការឆែកឆែផ្ទះបន្សល់ទុកវត្ថុតាងរួមមាន៖
– គ្រឿងញៀនម្សៅសក្រាមចំនួន០៦កញ្ចប់ធំ(ប្រាំមួយកញ្ចប់ធំ)ទម្ងន់១៥០,៤៧ក្រាមថ្លឺងទាំងសំបក់ថង់។
– ឧបករណ៍ជក់គ្រឿងញៀនចំនួន០១។
– ថង់ច្រកគ្រឿងញៀនមួយចំនួន។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ប៉ាក ជិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត និងវត្ថុតាងម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវ ជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










