ព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ថាភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កឱ្យមានទឹកជំនន់លិចតង់រាប់ម៉ឺនជាជម្រករបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ហើយកំពុងរស់នៅយ៉ាងណែនណាន់តាន់តាប់នៅក្នុងជំរុំនានាទូទាំងតំបន់ហ្កាហ្សា។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា តង់យ៉ាងហោចណាស់ ៧០ ០០០តង់ ត្រូវទឹកជន់លិចក្នុងរយៈពេល ១២ម៉ោងចុងក្រោយ ដែលបានជះឥទ្ធិពលដល់ប្រជាជនផ្លាស់ទីលំនៅរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានអ្នករងរបួស ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីករណីស្លាប់នោះទេ។ ភ្នាក់ងារការពារជនស៉ីវិលនៃដែនដីនេះ បានទទួលការហៅទូរសព្ទសុំជំនួយចំនួន ១ ៥០០លើកពីជនភៀសខ្លួន។
តាមមន្ត្រីក្រុង និងមន្ត្រីការពារជនស៉ីវិល ពួកគេមិនអាចដោះស្រាយបញ្ហាដែលមកពីភ្លៀងធ្លាក់ខ្លាំងនេះបានទេ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងការខូចខាតឧបករណ៍នានា។ អ៉ីស្រាអែលបានបំផ្លាញយានជំនិះរាប់រយគ្រឿង រួមទាំងគ្រឿងចក្រឈូសឆាយ និងសម្ភារៈផ្សេងទៀតដែលប្រើសម្រាប់បូមទឹក អំឡុងសង្រ្គាមប្រឆាំងហាម៉ាស។ ចំណែកក្រុមហាម៉ាសបន្ទោសថាអ៉ីស្រាអែល មិនអនុញ្ញាតឱ្យនាំយកជម្រក និងសម្ភារៈសំណង់ចូលទៅក្នុងតំបន់។
COGAT ដែលជាទីភ្នាក់ងារយោធាអ៉ីស្រាអែលទទួលបន្ទុកសម្របសម្រួលការផ្តល់ជំនួយ មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់របស់ក្រុមហាម៉ាសនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌអនាម័យនៅទូទាំងតំបន់ មុនពេលមានភ្លៀងធ្លាក់ខ្លាំង ដោយសហការជាមួយអង្គការអន្តរជាតិនានា។
កិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានកំណត់ឱ្យមានការកសាងតំបន់ហ្កាហ្សាឡើងវិញ ប៉ុន្តែវឌ្ឍនភាពដែលសម្រេចបានគឺមានកម្រិតតិចតួចបំផុត។ ភាគីចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌនានា ពាក់ព័ន្ធការដកហូតអាវុធពីក្រុមហាម៉ាស ឬការដកកងទ័ពអ៉ីស្រាអែលចេញពីតំបន់ឡើយ។ បច្ចុប្បន្ន កងទ័ពអ៉ីស្រាអែលកំពុងគ្រប់គ្រងទឹកដីប្រហែលពីរភាគបីនៃហ្កាហ្សា៕









