ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះ មូល ដ្ឋានខណ្ឌព្រែកព្នៅ បានណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៥ នៅខណ្ឌព្រែកព្នៅ ពង្រឹងធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និងបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត២០២៧- ២០២៨ ខាងមុខនេះ។
ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នៅថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងពិធីសំណេះ សំណាលជាមួយសមាជិកគណបក្ស សង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។
លោក ឃួ ង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរសង្កាត់ទាំង៥ ត្រូវអនុវត្តឱ្យបានគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសគឺការបង្ក្រាបក្មេងទំនើង ជាមួយនិងការជួយថែរក្សាសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដូចជាថែរក្សាផ្លូវ លូជាដើម ពោលគឺកុំឱ្យរថយន្តដឹកធ្ងន់លើសការកំណត់ និងទប់ស្កាត់ការដឹកខ្សាច់ នាំឱ្យហូរចូលលូ។ ត្រូវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត។ត្រូវទទួលរាល់សំណើរនិងសំណូម ពរពីប្រជាពលរដ្ឋ ពួកគាត់មានការខ្វះខាតអ្វីត្រូវជួយពួកគាត់ ក្នុងនាមយើងជាអាណាព្យាបាលពួកគាត់។ យើងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។សម្តេចទាំងទ្វេបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ទាំងព្រំដែនទឹកនិងគោក។ដូច្នេះយើងត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជំនៈក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨។
លោកធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីការងារបំរើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញ ចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។ចំពោះទិសដៅបន្ត គឺថែរក្សា គោលនយោ បាយភូមិ សង្កាត់ភូមិ សង្កាត់មានសុវត្ថិភាព បំរើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ដណ្តើមយកជ័យជំនៈឱ្យបាន នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ។
ក្នុងឱកាសនោះដែរ សង្កាត់ទាំង៥ បានលើកឡើងពីសមិទ្ធផលការងារបស់គណបក្សក្នុងមូលដ្ឋានសម្រេចបាន ជាមួយ និងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្ត ក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹកជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅ សង្កាត់នីមួយៗ ក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ៕. ដោយ សំរិត









